(ភ្នំពេញ)៖ ស្ដ្រីមានផ្ទៃពោះម្នាក់ អាយុ២៣ឆ្នាំ ជាជនជាតិខ្មែរ ដែលធ្វើដំណើរត្រលប់ពីប្រទេសម៉ាឡេស៊ី ចូលមកម្ពុជា កាលពីចុងខែមិថុនា ឆ្នាំ២០២០នេះ និងកំពុងស្ថិតនៅការតាមដានខ្លួន ឬចត្ដាឡីស័ករកមេរោគកូវីដ១៩ នៅវិទ្យាល័យជម្ពូវ័ន្ដ បានសម្រាលកូនដោយវះកាត់ ដោយសារសុខភាពមិនល្អ និងកូនមិនគ្រប់គីឡូ ប្រកបដោយសុវត្ថិភាពហើយ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ម្សិលមិញនេះ ក្រោមការយកចិត្ដទុកដាក់របស់ក្រុមគ្រូពេទ្យ បន្ទាប់ពីទទួលបានការណែនាំ ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងក្រោមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកថវិកា និងសម្ភារមួយចំនួន ប្រគល់ជូនដល់ស្ដ្រីសម្រាលកូននេះដោយផ្ទាល់នៅមន្ទីរពេទ្យ។

លោកស្រី យក់ សម្បត្ដិ បានថ្លែងថា «ក្រោមការណែនាំផ្ដាំផ្ញើរបស់សម្ដេចតេជោ ឱ្យយកចិត្ដទុកដាក់ខ្ពស់ តាមដានស្ថានការណ៍ឱ្យជាប់ និងធ្វើទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ ដោយឱ្យប្រាកដប្រជាថា ម្ដាយ និងកូនមានសុវត្ថិភាព ហើយរាល់ការចំណាយទាំងអស់ គឺ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចំណាយជូនទាំងអស់។ ជាលទ្ធផល ក្រោមការប្រឹងប្រែងយកចិត្ដដាក់របស់ក្រុមគ្រូពេទ្យ ស្ដ្រីរូបនេះ បានសម្រាលដោយវះកាត់មុនខែ ប្រកបដោយសុ វត្ថិភាព»។

លោកស្រី បានថ្លែងបញ្ជាក់ថា ស្ដ្រីរូបនេះជាអ្នកដំណើរមកពីម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយក្នុងយន្ដហោះដែលស្ដ្រីធ្វើដំណើរមកនោះ មានអ្នករួមដំណើរជាមួយ វិជ្ជមានកូវីដ១៩ ចំនួន២ករណី ដែលតម្រូវឱ្យស្ដ្រីនេះបន្ដធ្វើចតា្ដឡីស័ក ដើម្បីពិនិត្យតាមដានរកមេរោគកូវីដ១៩ នៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន្ដ។

អំឡុងពេលធ្វើចត្ដាឡីស័កបានប៉ុន្មានថ្ងៃ គាត់ក៏មានអាការៈមិនស្រួល ក៏បានបញ្ជូនគាត់ទៅស្នាក់នៅមន្ទីរពេទ្យពោធិ៍ចិនតុង ដើម្បីតាមដានសុខភាព តែកាលពីម្សិលមិញគាត់ចាប់ផ្ដើម សុខភាពចុះខ្សោយខ្លាំង ទើបបញ្ជូនមកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តាមដានសុខភាពទៅ ទើបសម្រេចវះកាត់តែម្ដង ដើម្បីសុវត្ថិភាពទាំងម្ដាយ និងកូន។ ទីបំផុតក្រុមគ្រូពេទ្យយើង បានវះកាត់ជោគជ័យ ទាំងសុខភាពល្អម្ដាយ និងទារក ប៉ុន្ដែដោយកូនមិនទាន់គ្រប់គីឡូបានតែជាង២គីឡូ ដូច្នេះត្រូវបានបន្ដថែទាំយ៉ាងយកចិត្ដទុកដាក់បន្ថែមទៀតពីក្រុមគ្រូពេទ្យ។

តាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានឱ្យដឹងថា «សុខភាពរបស់ស្ដ្រីរូបនេះ បានល្អប្រសើរហើយ ផុតពីគ្រោះថ្នាក់ទាំងម្ដាយ និងកូន ហើយយើងនៅតែបន្ដ ពិនិត្យតាមដានសុខភាពគាត់ ឱ្យបានល្អ ដើម្បីធានាថា កូនរបស់គាត់មានការលូតលាស់បានល្អប្រសើរដូចក្មេងដទៃទៀត»។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបន្ដថា ក្នុងនាមជាគ្រូពេទ្យ ពិតជាសប្បាយចិត្ដណាស់ ដែលបានជួយផ្ដល់សេវា និងសង្គ្រោះជីវិតមនុស្សផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាពិសេស ការរួមគ្នាអនុវត្ដគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយអត្រាការស្លាប់ របស់មាតា និងទារក។

ក្នុងឱកាសនោះផងដែរ ម្ដាយរបស់ស្ដ្រីសម្រាលកូន បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង រកអ្វីផ្ទឹមមិនបាន ដែលបានជួយសង្គ្រោះជីវិត កូន និងចៅរបស់គាត់ រួចផុតពីគ្រោះថ្នាក់ ហើយនេះជាលើកទី២ហើយ ដែលបានជួយសង្គ្រោះជីវិតកូនស្រីរបស់គាត់ ឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត និងទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕