(បាត់ដំបង)៖ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូប អាហារដែលដាក់សារធាតុគីមីហាមឃាត់ ដាក់តាំងលក់នៅផ្សារបឹងឈូក និងផ្ទះលក់គ្រឿងទេស តាមបណ្ដោយផ្លូវទួលតាឯក ក្រុងបាត់ដំបង។

លោក ហាក់ សុខរិន ប្រធានសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានឲ្យដឹងថា មន្រ្តីជំនាញបានធ្វើតេស្តបឋម លើមុខទំនិញដូចជា៖ ត្រីងៀត ពពុះសណ្ដែក ដើម្បីស្វែងរកទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ បានរកឃើញពពុះសណ្ដែកផ្ទុកសារធាតុគីមី ហាមឃាត់ (Borax) ចំនួន៥១គីឡូក្រាម បានយកមករក្សារទុកនៅសាខាដើម្បីដុតកំទេចចោលពេលក្រោយ។

លោកប្រធានសាខាបានបញ្ជាក់ថា លោក និងក្រុមការងារនៅតែបន្តធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមបណ្តាផ្សារនានាក្នុងខេត្តបាត់ដំបងបន្ថែមទៀត និងអំពាវនាវដល់ អាជីវករលក់ដូរ ទាំងអស់សូមកុំឲ្យទំនិញខូចគុណភាព និងដាក់លាយសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់យើងទាំងអស់គ្នា។

ក្នុងការចុះត្រួតពិនិត្យនេះក្រុមការងារក៏បានធ្វើការអប់រំផ្សព្វផ្សាយដោយផ្ទាល់តាមរយ:ប្រព័ន្ធផ្សេងៗ និងតាមការស្ទីកឃឺ នៅតាមតូបលក់ដូរផ្ទាល់ទុកសម្រាប់ឲ្យអ្នកលក់ និងអ្នកទិញបានយល់ដឹងកាន់តែ ច្បាស់ពីផលប៉ះពាល់សុខភាពដោយសារធាតុគីមីនិងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕