(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា ឆ្លងកាត់តាមការជំរឿនរកប្រជាពលរដ្ឋដែលមានជីវភាពធ្លាក់ចុះ ក្នុងសម័យកើតជំងឺកូវីដ-១៩នេះ បានបង្ហាញថា មានប្រជាពលរដ្ឋប្រមាណ៤ម៉ឺនគ្រួសារ ដែលបានធ្លាក់ចូលក្នុងស្ថានភាពក្រីក្រ កម្រិត១ និងកម្រិត២ ដែលត្រូវជួយដល់ពួកគាត់ឲ្យមានលំនឹងជីវភាព។

លោកអភិបាលខេត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ខណៈពេលដែលលោក ចុះពិនិត្យ មន្ត្រីអាជ្ញាធរចែកប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋ៤៩៦គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះជំរឿន រកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនេះ លោកបានចាត់ឲ្យអាជ្ញាធរមូលដ្ឋាន ចុះធ្វើការដោយផ្ទាល់ជាមួយ នឹងមន្ត្រីនៃមន្ទីរសង្គមកិច្ច និងមន្ទីរផែនការ ពោលគឺបានស្រង់នៅទិន្នន័យទាំងនេះ ដោយភាពសុក្រឹត ដោយឆ្លងកាត់ការសម្ភាសន៍ ជាមួយគ្រួសារនោះផ្ទាល់ និងមានការដឹងឮ ពីអ្នកជិតខាងផងដែរ។

ជាងនេះទៅទៀត លោកបានចាត់អភិបាលរងខេត្ត ចុះត្រួតពិនិត្យលើកិច្ចការនេះបន្ថែមទៀត ដើម្បីឲ្យប្រាកដថា គ្រួសារនៅក្នុងទិន្នន័យនោះ មានជីវភាពក្រីក្រ ពិតប្រាកដមែន ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា គិតមកដល់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរខេត្ត បានធ្វើការផ្ដល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្របាន២៥,០០០គ្រួសារ ដែលគិតជាថវិកាអស់ប្រមាណជាង៤ពាន់លានរៀល។

លោកអភិបាលខេត្ត បន្តទៀតថា ក្នុងយន្តការ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្នដោយសារជំងឺកូវីដ-១៩នេះ ឃើញថា បងប្អូនប្រជាពលរដ្ឋមានការគាំទ្រ និងសាទរចំពោះ ថ្នាក់ដឹកនាំខេត្ត ជាពិសេសចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោក ជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខនិងទុក្ខ របស់ប្រជាពលរដ្ឋមិនដែលធ្វេសប្រហែសឡើយ។

ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋ លោកក៏បានយល់ច្បាស់ថា នេះគឺជាយន្តការលើកកម្ពស់សុខមាលភាពសង្គម ពោលគឺ ជួយពួកគាត់បានមួយគ្រា ក្នុងពេលមានអាសន្នប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់មានលំនឹងជីវភាព ក្នុងរយៈពេលខ្លី មិនមែនជាការជួយចិញ្ចឹមពួកគាត់ ក្នុងរយៈពេលវែងណាមួយនោះទេ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា កិច្ចការជំរឿនរកប្រជាពលរដ្ឋ ដែលមានជីវភាពធ្លាក់ចុះ អាជ្ញាធរខេត្តកំពង់ចាម នៅបន្តធ្វើទៅមុខទៀត ទៅតាមផែនការ ២ ដំណាក់កាល គឺដំណាក់កាលទី១ ធ្វើបច្ចុប្បន្នភាពនៅតាមទីជនបទដាច់ស្រយាល និងដំណាក់កាលទី២ ធ្វើនៅទីប្រជុំជន៕