(បន្ទាយមានជ័យ)៖ ដោយសារតូចចិត្តនឹងរឿងគ្មានលុយយកទៅលោះយកម៉ូតូដែលខ្លួនបញ្ចាំ នៅហាងបញ្ចាំ ថែមទាំងមិនហ៊ានចូលផ្ទះទៀតនោះ បុរសម្នាក់បាន សម្រេចគិតខ្លីឡើងលើកំពូលភ្នំ លោតទម្លាក់សម្លាប់ខ្លួនបានសម្រេច។ ហេតុការណ៍នេះកើតឡើងព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

បើតាមលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ន ភារ៉ា ហៅបារាំង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

យោងតាមការបំភ្លឺពីសាក្សីមានឈ្មោះ សឿង សុផា ប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីល្ងាចយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានហូបបាយជាមួយខ្លួន ហើយបានពោលពាក្យថា ពិបាកចិត្តខ្លាំណាស់ ដោយរូបគេបានយកម៉ូតូទៅបញ្ចាំគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះទេ ពិបាកពេកខ្ញុំចង់តែស្លាប់ឲ្យផុតៗទេ ចង់តែឲ្យរន្ទះបាញ់ស្លាប់ទេ រួចក៏បានបែកគ្នាទៅ។

លោកសឿង សុធា បានបន្តថា លុះដល់ម៉ោងប្រហែលមួយរំលងអាធ្រាត្រ លោកបានលឺដូចអ្វីម្យ៉ាងនៃភ្នំខាងក្រោយផ្ទះបាក់ធ្លាក់ ដូចដែលធ្លាប់ឮថ្មភ្នំធ្លាក់ជាញឹកញយ លុះដល់ម៉ោង៥ព្រឹក ថ្ងៃទី៣០ខែមិថុនា ពេលខ្លួនដើរទៅបត់ជើងក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំ។

លោកអធិការនគរបាលស្រុកមង្គលបូរី បានបញ្ជាក់ថា យោងសាវតារឈ្មោះ រ៉ន ភារ៉ា នេះជាមុខសញ្ញាជក់ និងលក់ថ្នាំញៀនយ៉ាងសកម្មផងដែរ ហើយក៏ធ្លាប់ជាប់ពន្ធ ធនាគារផង និងនៅមណ្ឌលជីវិតថ្មីភ្នំបាក់ (អប់រំបន្សាបសារធាតុញៀន) ហើយជនរងគ្រោះពេលនេះក៏ជាជនបង្កនាពេលកន្លងមកផងដែដូចជា បំផ្លាញទ្រព្យសម្បត្តិ របស់ឪពុកម្ដាយ អស់ជាច្រើនមកហើយ។

ដោយមានកម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបូរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋានធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ លើខ្លួនសព សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា សពបុរសនេះពិតជាស្លាប់ដោយសារតែលោតពីលើកំពូលភ្នំ។ បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕