(បាត់ដំបង)៖ រដ្ឋបាលខេត្តខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៩ និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និង

ពិធីផ្តល់បណ្ណសរសើរ និងលិខិតសរសើរជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង មេបញ្ជាកងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក លោកស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរ អង្គភាពរដ្ឋនានាជុំវិញខេត្ត ចូលរួមជាច្រើននាក់ផងដែរ។

អភិបាលខេត្តបាត់ដំបង បានផ្តាំផ្ញើដល់ឣភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ឱ្យយកចិត្តទុកដាក់ចូលរួម «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ១៩»។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើឲ្យបានច្បាស់លាស់ និងហ្មត់ចត់បំផុត។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសអ្នកអនុវត្តផ្ទាល់នៅតាម ឃុំ-សង្កាត់ ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះ ឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត ចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារជនក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ»

ក្នុងឱកាសនោះ គណៈអធិបតីក៏បានអញ្ជើញប្រគល់បណ្ណសរសើរ និងលិខិតសរសើរជូនដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងខេត្តដែលមានស្នាដៃល្អក្នុងការបំពេញការងារ បម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរផងដែរ៕