(កំពង់ស្ពឺ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានជំរុញ និងលើកទឹកចិត្ដ ឲ្យប្រជាពលរដ្ឋ ចេះចាប់យកឱកាសមាសនៃការចិញ្ចឹមជ្រូក ដោយសារតែប្រទេសវៀតណាម កំពុងខ្វះខាតជ្រូកយ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្នប្រទេសវៀតណាម កំពុងតែជួបវិបត្ដិខ្វះខាតជ្រូក សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយសារតែជួបជំងឺប៉េសជ្រូកអាហ្វ្រិក ដែលធ្វើឲ្យជ្រូករបស់វៀតណាម រាប់លានក្បាលត្រូវបានសម្លាប់ចោល។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីអំពីលទ្ធភាពឥណទាន ដល់កសិករចិញ្ចឹមសត្វ វារីវប្បកម្ម ដាំបន្លែផ្លែឈើ និងសហគ្រាស កែច្នៃផលិតផលកសិកម្ម ក្រោមអធិបតីភាព លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក កៅ ថាច បានបញ្ជាក់យ៉ាងដូច្នេះថា «បងប្អូនឃើញជ្រូកឡើងថ្លៃអត់ អាហ្នឹងដោយសារកូវីដ១៩ ព្រោះយើងផ្គត់ផ្គង់ក្នុងស្រុកអត់គ្រប់ វាអាចនឹងខ្វះ។ ម្នាក់ៗកំពុងតែចិញ្ចឹមជ្រូក ដោយសារតែទីផ្សារធំមានច្រើន ចិនត្រូវការជ្រូកច្រើន វៀតណាមត្រូវការជ្រូកច្រើន»

លោកបន្ដទៀតថា «ប្រទេសវៀតណាម កំពុងតែជួបការខ្វះខាតជ្រូក សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក ងាប់រាប់លានក្បាល ដូច្នេះធ្វើឲ្យចិញ្ចឹមអត់ទាន់។ ខ្ញុំគិតថា នេះហើយជាឱកាសមួយធំ ឱកាសកសាងមូលដ្ឋានគ្រឹះ សម្រាប់វិស័យកសិកម្ម ប្រកបដោយសុវត្ថិភាព ដែលមិនមែនកសិកម្មប្រើដោយគីមី»

ជាមួយគ្នានោះ លោក កៅ ថាច ក៏បានស្នើដល់បងប្អូនប្រជាកសិករទាំងអស់ ត្រូវតែយកចិត្ដទុកដាក់ទៅលើសុខភាព ដែលមិនត្រូវប្រើប្រាស់ សារធាតុគីមីហួសកម្រិតនោះទេ ខណៈប្រទេសជិតខាង បានប្រើប្រាស់គីមីហួសហេតុ ដែលប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋ។

លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយថ្ងៃៗកម្ពុជា មានតម្រូវការសត្វជ្រូក ប្រមាណ១ម៉ឺនក្បាល។

ក្នុងនោះការចិញ្ចឹមក្នុងស្រុក គឺមានលទ្ធផលផ្គត់ផ្គង់ រហូតដល់៥,៨០០ក្បាល ក្នុង១ថ្ងៃ ដោយអនុញ្ញាតឲ្យមានការនាំចូលពី៦ពាន់-៧ពាន់ក្បាល ដល់ក្រុមហ៊ុនចំនួន៧ ដោយប្រើប្រាស់វិធានការឃ្លាំមើល ប្រសិនបើមានក្រុមហ៊ុនណាប្រព្រឹត្តបទល្មើស នឹងកាត់បន្ថយការនាំចូល។

រយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ទទួលបានការស្នើសុំបង្កើតកសិដ្ឋាន២៣កន្លែង (ខ្នាតធំ៧កន្លែង ខ្នាតមធ្យម២កន្លែង និងខ្នាតតូច ១៤កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំ ទទួលបានការស្នើសុំ បង្កើតកសិដ្ឋានចំនួន១០កន្លែង។

រីឯការនាំចូលមេជ្រូកពូជ មានចំនួន១៤,០០០ក្បាល ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ដែលមានការកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំ២០១៩ គឺការនាំចូលមានត្រឹម ៧៨៤០ក្បាល និងកូនជ្រូកពូជ នាំចូលរយៈពេល៥ខែដើមឆ្នាំ២០២០ មានចំនួន ៨៨,៨៧០ក្បាល នាំចូលរយៈពេល៥ខែដើម ឆ្នាំ២០១៩។

លទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តាមរយៈការចិញ្ចឹមតាមកសិដ្ឋាន និងតាមគ្រួសារក្នុងឆ្នាំ២០២០ មានចំនួន ៥៨០០ក្បាលក្នុងថ្ងៃ និងមានការនាំចូលបំពេញបន្ថែម ចន្លោះពីចំនួន ២,៣៥០ក្បាល ទៅ ៤,៤០០ក្បាល ក្នុងមួយថ្ងៃ ទៅតាមតម្រូវការតិច ឬច្រើន៕