(ព្រៃវែង)៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចុះចែកថ្នាំរម្ងាប់មេរោគជូនកសិករចិញ្ចឹមទាយកស៊ុត និងចុះពិនិត្យមើលច្រវ៉ាក់ផលិតកម្មសត្វទា ចាប់ពីភ្ញាស់រហូតពងលក់លើទីផ្សារ នៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ការចុះចែកថ្នាំរម្ងាប់មេរោគទាំងនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីលើកស្ទួយការចិញ្ចឹមសត្វទា របស់ប្រជាពលរដ្ឋ ខណៈតម្រូវការពងទាកូន និងពងទាសាប នៅឃុំនេះ កំពុងកើនឡើងខ្ពស់ អំឡុងពេលមានវិបត្តិកូវីដ១៩។

មន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានឲ្យដឹងថា ដោយសារតម្រូវការពងទាកូន ពងទាសាប លក់លើទីផ្សារខ្ពស់, កសិករដែលប្រកបរបរភ្ញាស់កូនទា ក៏កំពុងបង្កើននូវការភ្ញាស់កូនទា ឲ្យកសិករដទៃទៀត យកទៅចិញ្ចឹមឲ្យទាន់តម្រូវការទីផ្សារ ពិសេសសម័យកូវីដ១៩នេះ។ ជាក់ស្តែង ពងទាមួយគ្រាប់តម្លៃ ៤២០៛ ទៅ៤៣០៛ ម្លោះហើយទើបកសិករប្រឹងដើររកទិញកូនទាបន្ថែមទៀត ដើម្បីចិញ្ចឹមឲ្យឆាប់ធំធាត់ ឆាប់ពង និងឆាប់បានលក់នៅលើទីផ្សារ។

មន្ត្រីដដែលបានបន្តថា ពងទា ដែលមានប៉ុន្មានឈ្មួញទិញទាំងអស់គ្មានសល់ទេ ទើបកសិករដែលទិញពងទាយកទៅភ្ញាស់ ត្រូវកក់អ្នកចិញ្ចឹមទា ដើម្បីយកពងជាមុនទើបបាន។ ចំពោះកូនទាភ្ញាស់វិញ មួយក្បាលៗតម្លៃ១៩០០៛ ខណៈកសិករអាចភ្ញាស់កូនទា ក្នុងមួយថ្ងៃៗផលិតចេញកូនទាពី ៥០០០កូន ទៅ១០០០០កូន នៅក្នុងខែនេះ ហើយចាប់ពីខែសីហា ទៅរហូតដល់ខែធ្នូ ការផលិតកូនទា អាចមួយថ្ងៃបាន ១៥០០០កូន។

លោកបន្ថែមថា បច្ចុប្បន្ននេះ កសិករមានចិត្តសប្បាយរីករាយណាស់ លើការចិញ្ចឹមសត្វនេះ ព្រោះវាមានតម្រូវការខ្ពស់លើទីផ្សារ ក្នុងពេលពិភពលោកជួបវិបត្តិកូវីដ១៩ ហើយអ្នកស្រុកកាត់បន្ថយទៅធ្វើចំណាកស្រុកផងនោះ ពួកគាត់ក៏ងាកមកចិញ្ចឹមទា កាន់តែច្រើនដើម្បីផ្គត់ផ្គង់ជីវភាពបានមួយកម្រិតផងដែរ៕