(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ទៅប្រគល់ផ្ទះ និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅភូមិគោកព្រិច ឃុំតាផូ ស្រុកស្វាយចេក ក្រោយពីកម្លាំងនគរបាល បានជួយជួសជុល និងសាងសង់ផ្ទះជូនពួកគាត់ ដោយប្រែក្លាយពីផ្ទះប្រកស្លឹកប្រកស្បូវ ទៅជាផ្ទះប្រកស័ង្កសី។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថា ក្រោមការណែនាំពី លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ ដែលបានដាក់យុទ្ធសាស្រ្តកែប្រែ ផ្ទះប្រជាពលរដ្ឋពីប្រកស្បូវ និងប្រកស្លឹកទៅជាផ្ទះប្រកស័ង្កសីនោះ លោកបានដឹកនាំកងកម្លាំង ចុះធ្វើការកិច្ចការងារនេះ ជាបន្តបន្ទាប់តាមមូលដ្ឋានជាពិសេស នៅក្នុងទឹកដីស្រុកស្វាយចេកតែម្តង។ នៅក្នុងនោះ លោកស្នងការបានប្រគល់ផ្ទះចំនួន៤ខ្នង ផ្ទះជូនប្រជាពលរដ្ឋក្រោយពេលធ្វើរួច និងបានប្រគល់ស័ង្កសីចំនួន៦០សន្លឹក ដើម្បីបន្តជួសជុលផ្ទះចំនួន២ខ្នងបន្ថែមទៀត។

ជាមួយគ្នានេះនៅថ្ងៃដដែល លោកស្នងការក៏បាននាំក្រុមគ្រូពេទ្យនៃស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យ និងការព្យាបាល ព្រមទាំងការផ្តល់ថ្នាំសង្កូវជូនពួកគាត់ផងដែរ។

ជាការឆ្លើយតបប្រជាពលរដ្ឋ បានបង្ហាញការត្រេកអរយ៉ាងខ្លាំងក្រោយពីបានផ្ទះថ្មីសម្រាប់ការស្នាក់នៅ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ព្រមទាំងក្រុមការងាររបស់លោក ដែលបានខិតខំជួយជួសជុល និងសាងសង់ ផ្ទះជូនពួកគាត់។

ក្រៅពីការប្រគល់ផ្ទះ និងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ និងហូបបាយសាមគ្គី ជាមួយគ្នាទៀតផង៕