(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនមានពិការ បានថ្លែងថា មកដល់ពេលនេះ មន្ត្រីជំនាញកំពុងធ្វើការ​ពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី «លក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព» ដើម្បីត្រៀមដាក់ទៅប្រមុខថ្នាក់ដឹកនាំក្នុងការចេញសេចក្តីសម្រេច ដូចនេះសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាជួយយោគយល់​ចំពោះបងប្អូនមានពិការភាពដែលមិនទាន់ មានប័ណ្ណបើកបរស្របច្បាប់អាចឱ្យគាត់ធ្វើការចល័តតាមរយៈការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរបស់ពួកគាត់សិន រង់ចាំដល់សេចក្តីសម្រេចនេះបានចេញរួចរាល់។

លោក ឯម ច័ន្ទមករា បានថ្លែងស្នើយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី «លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព» ដែលបានរៀបចំឡើងនៅភោជនីយដ្ឋាន ដឹ ដ្រាម និងដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសុខាភិបាល រួមទាំងមានបងប្អូនមានពិការភាពជាច្រើននាក់ទៀតផងដែរ។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ទៀតថា នៅពេលនេះដែរមន្ត្រីអន្តរក្រសួងកំពុងតែខិតខំធ្វើយ៉ាងណាឱ្យបងប្អូន ដែលមានពិការភាពឆាប់បានប័ណ្ណបើកបរបន្ថែម ទៀតដើម្បីផ្តល់ភាពកាន់តែងាយស្រួល ក្នុងការបំលាស់ទីរបស់បងប្អូនជនមានពិការភាពក្នុងការប្រកបការងារដើម្បីរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។

លោកថា ការរៀបចំឱ្យជនមានពិការភាពអាចធ្វើប័ណ្ណបើកបរបាននេះ គឺត្រូវចាប់ផ្តើមបានធ្វើបានតាំងតែពីមានច្បាប់ស្តីពីការការពារ និងលើកកម្ពស់ជនមានពិការភាពមកម្ល៉េះ តែដោយសារស្ថានភាពមិនអំណោយផលដែលត្រូវអនុវត្តន៍នូវការងារសំខាន់ៗផ្សេងៗ ទើបបានពន្យាររហូតមកដល់ពេលនេះ។

លោក ឯម ច័ន្ទមករា បានចាត់ទុកជនដែលមានពិការភាពនៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន គឺពិតជាមានសំណាងដែលទទួលបានយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាល ដែលកន្លងទៅនេះគឺបានអនុវត្តន៍ទទួលបានជោគជ័យយ៉ាងល្អប្រសើរទៅលើផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០១៤-២០១៨ ហើយកន្លងទៅថ្មីៗនេះដែរ សម្តេចក្រឡាហោម ស ខេង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់នូវផែនការ​យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពតំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ បន្ថែមទៀត ដែលទាំងនេះបានឆ្លុះបញ្ជាំងឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះបងប្អូន ដែលមានពិការភាពយ៉ាងពិតប្រាកដ។

លោក ឯម ច័ន្ទមករា បានបន្ថែមថា នៅពេលសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពី «លក្ខខណ្ឌនៃការចេញបណ្ណបើកបរ សម្រាប់ជនមានពិការភាព»
បានចូលជាធរមានសូមស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជួយសម្រួលក្នុងការស្នើសុំពាក្យប្រឡងយកប័ណ្ណបើកបរ និងជួយផ្តល់អត្ថភាពឱ្យបានងាយស្រួល ដល់ជនមានពិការភាពក្នុងពេលប្រឡងយកប័ណ្ណបើកបរ និងសូមជួយរៀបចំនូវសញ្ញាអតិភាពផ្តល់ឱ្យជនមានពិការភាព ដើម្បីឱ្យពួកគាត់ងាយស្រួលប្រើប្រាស់ក្នុងទី​សារធារណៈផងដែរ៕