(ខេត្តកណ្តាល)៖ បន្ទាប់ពីក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានរកឃើញពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើកំណត់ហេតុដកហូត និងបើកការស្រាវជ្រាវ ស៉ើបអង្កេត ស្វែងរកប្រភព ទីតាំងផលិតពពុះសណ្តែកខាងលើ ជាលទ្ធផលតាមរយៈការសាកសួរអាជីវករ បានឆ្លើយថាគាត់បានទិញផលិតពពុះសណ្តែកនេះ ពីសិប្បកម្មដែលមានទីតាំងនៅក្នុងទឹកដីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន ០៧ ទីតាំង នៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីចុះត្រួតពិនិត្យ ស្រាវជ្រាវនិងយកគំរូសំណាក់ធ្វើតេស្តបឋម និងយកមកធ្វើតេស្តនៅអគ្គនាយកដ្ឋាន ក.ប.ប. ស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់។

ជាលទ្ធផលមន្រ្តីជំនាញបានធ្វើតេស្តបឋម និងយកគំរូសំណាកមកធ្វើតេស្តនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ពិតជារកឃើញវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់ក្នុងគំរូពពុះសណ្តែក ទាំងចំនួន ០៧ ទីតាំង សរុបទម្ងន់ ១០៨ គីឡូក្រាម។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន។

តាមព័ត៌មានទទួលបានពីមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា សារធាតុគីមីហាមឃាត់បូរ៉ាក់ ជាសារធាតុគីមីអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ វាជាសារធាតុគីមីសម្រាប់ធ្វើឱ្យផលិតផលមានភាពស្វិត ប៉ុន្តែត្រូវបានគេហាមឃាត់ដាច់ខាត មិនអនុញ្ញាតឱ្យប្រើក្នុងម្ហូបអារហារទេ ហើយបង្កផលប៉ះពាល់ដល់សុខភាព ដូចជាពុលក្រលៀន រលាកក្រពះ និងពោះវៀន ចំពោះមនុស្សចាស់ សារធាតុគីមីប៉ូរ៉ាក ចំនួន ១៥ក្រាម និងសម្រាប់កុមារ ៥ក្រាម អាចបណ្តាលឱ្យក្អួតឈាម និងស្លាប់បាន។

សូមបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់អនុវត្តការងារតាមតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានផ្តល់អាណ្តត្តិឱ្យលើការងារពាក់ព័ន្ធគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងការការពារអ្នកប្រើប្រាស់ ដោយមន្ត្រីជំនាញ ក.ប.ប. បន្តចុះឃ្លាំពិនិត្យលើទីផ្សារជាប្រចាំ កំណត់បទល្មើស និងចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះអាជីវករ និងអ្នកផលិតណាដែលប្រកបអាជីវកម្មមិនមានសុច្ចរិតភាព ដែលបង្កជាហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងសង្គមជាតិ ដោយប្រជាពលរដ្ឋបាត់បងពេលវេលា ថវិកា និងថាមភាព ដោយការបរិភោគអាហារមិនមានសុវត្ថិភាព និងសារធារគីមីហាមឃាត់។

អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវ ឱ្យអាជីវករ និងអ្នកផលិត សូមប្រកបការរកស៊ីទទួលប្រកបដោយការទទួលខុសត្រូវខ្ពស់ កុំដើម្បីប្រាក់ចំណេញធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិមានភាពរីកចម្រើន តាមរយៈការធានាបាន ដល់អ្នកប្រើប្រាស់ ក្នុងការទទួលបានទំនិញជាម្ហូបអាហារប្រកបដោយគុណភាពនិងសុវត្ថិភាព និងមិនមានសារធាតុគីមីហាមឃាត់។