(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ជំនួយឥតសំណងជាង ៣លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។

ភាគីទាំងពីរ បានចុះហត្ថលេខាដោយជោគជ័យ លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអាហារូបកណ៍ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS) ដែលមានទឹកប្រាក់សរុប ៣៤៨លានយ៉េន (ប្រមាណជា ៣.២៣លានដុល្លាអាមេរិក) កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

គម្រោងនេះមានគោលដៅដោះស្រាយនូវរាល់បញ្ហាប្រឈមក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា ដោយគាំទ្រដល់មន្ត្រីរដ្ឋាភិបាលវ័យក្មេង ដែលរំពឹងថានឹងក្លាយជាអ្នកដឹកនាំក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិត ពីគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសជប៉ុន។ មន្ត្រីដែលគាំទ្រដោយគម្រោង JDS អាចប្រើប្រាស់ការសិក្សា បទពិសោធន៍ និងបណ្តាញធនធានមនុស្សតាមរយៈគម្រោង ដើម្បីបង្កើត និងអនុវត្តផែនការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គូសបញ្ជាក់ថា «គម្រោង JDS បានចាប់ផ្តើមជ្រើសរើសបេក្ខជនក្នុងឆ្នាំ២០០០ និងបានបញ្ជូននិស្សិតជំនាន់ទីមួយក្នុងឆ្នាំ២០០១ ដូច្នេះឆ្នាំនេះគឺជាខួប ២០ឆ្នាំនៃគម្រោង JDS។ ចាប់តាំងពីគម្រោងបានចាប់ផ្តើម មាននិស្សិតសរុបចំនួន៤៧០ នាក់ហើយដែលទទួលបានអាហារូបកណ៍ពេញលេញ និងជំនួយផ្សេងៗទៀតដើម្បីទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន»។

គម្រោងនេះបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសកម្ពុជា។ និស្សិត JDS ជាច្រើន បានទទួលមុខងារជាមន្ត្រីជាន់ខ្ពស់នៅតាមបណ្តារក្រសួងនានាក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត គម្រោង JDS ជាស្ពានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេស ប្រជាជន និងរដ្ឋាភិបាល ទាំងពីរឲ្យកាន់តែល្អប្រសើរឡើង៕