(ភ្នំពេញ)៖ ការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញដែលត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យារពេលបន្ថែម៣ខែទៀត រហូតដល់ ចុងខែកញ្ញា ឆ្នាំ២០២០វិញ ។

ការសម្រេចពន្យារពេលនេះ ដើម្បីឱ្យម្ចាស់យានយន្តដែលបានទិញលក់តៗគ្នា រកម្ចាស់ដើមមិនឃើញអាចដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ យានយន្តមកជា របស់ខ្លួនបាន។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា សម្រាប់អ្នកដែលកំពុងកាន់កាប់យានយន្តដែលទិញលក់តៗគ្នា រកម្ចាស់ដែលមិនឃើញ ដែលមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យ សុំផ្ទេរ កម្មសិទ្ធិយានយន្ត ដោយភ្ជាប់នូវសំណុំឯកសារដូចខាងក្រោម៖

* ទី១៖ ពាក្យសុំផ្ទេរកម្មសិទ្ធិយានជំនិះ មានផ្តិតមេដៃអ្នកស្នើសុំ និងមានបិទសំណៅលេខកាល់( តួ ឫសាក់ស៊ី) ដែលចម្លងដាក់ជាក់ស្ដែងពីយានយន្ត

* ទី២៖ ប័ណ្ណសម្គាល់ (ច្បាប់ដើម) និងស្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី ខេត្ត)

* ទី៣៖ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

* ទី៤៖ អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ពលរដ្ឋខ្មែរត្រូវមាន អត្តសញ្ញាណបណ្ណសញ្ជាត្តិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច, ជនបរទេសត្រូវ លិខិតឆ្លងដែន និងទិដ្ឋការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច

* ទី៥៖ បង្កាន់ដៃពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានយន្ត

* ទី៦៖ លិខិតលក់ទិញ

* ទី៧៖ កិច្ចសន្យាធានា ដែលបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល៕