(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ លោកតាព្រឹទ្ធាចារ្យ ជ័យ វុន ដែលជាបិតាក្មេករបស់លោក អ៉ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសដ៏សែនអាលោះអាល័យនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្តែងនូវសមានចិត្តចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ សពលោកតា ព្រឹទ្ធាចារ្យ ជ័យ វុន និងបានចាត់ទុកការបាត់បង់លោកតាឧបាសក គឺជាបាត់បង់នូវស្វាមី ឪពុក ជីតា ដ៏មានព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅចំពោះកូនចៅ ដែលមួយជីវិតលោកតាឧបាសក បានចូលរួមចំណែកកសាងមាតុភូមិកម្ពុជានាពេលកន្លងមក។

ក្នុងឱកាសដ៏សែនអាលោះអាល័យនោះដែរ លោកបានបួងសួងសូមវត្ថុស័ក្តិសិទ្ធក្នុងលោកព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាងគោ រាគទេវី និងកុសលផលបុណ្យដែលលោកបានសាងនាពេលកន្លងមកជួយយិតយោងសណ្តោងដួងវិញ្ញាណក្ខន្ធលោកតា ព្រឹទ្ធាចារ្យ ជ័យ វុន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយនឹងទឹកចិត្តអាលោះអាល័យនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំយកបច័្ចយមួយចំនួនចូលរួមបុណ្យសពនេះផងដែរ។

សូមបញ្ជាក់ថា លោកតាព្រឹទ្ធាចារ្យ ជ័យ វុន បានទទួលមរណកាលកាលពីថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៖១៤នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយរោគាពាធ៕