(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញចុះសួសុខទុក្ខជនរងគ្រោះ ដែលត្រូវចោរប្លន់ប្រដាប់អាវុធ​កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចទួលព្រះស្រែ ស្ថិតក្នុងក្រុមទី១៣ភូមិស្លាស្លាក់ឃុំអន្លង់រុន ស្រុកថ្មគោល និងបានឧត្ថមថវិកា​មួយចំនួន​ជួយដល់​ជនរងគ្រោះផងដែរ។ លោកឧត្តមសេនីយ៍ បានថ្លែងថា បន្ទាប់មានហេតុការណ៍ ប្លន់ប្រដាប់អាវុធកន្លងទៅនេះ ក្នុងនាមលោកជាមេបញ្ជាការ ក៏ដូចជានាយ និងពលកងកម្លាំងកងរាជអាវុធហត្ថ ខេត្តទាំងអស់ មានការសោកស្តាយជាខ្លាំង ដែលជនល្មើស បានបានភ្ជង់ប្លន់ទៅលើផ្ទះជនរងគ្រោះ ដែលបានបាត់បង់ទ្រព្យសម្បត្តិអស់មួយចំនួន ខណៈដែលជនរងគ្រោះទើបលក់ស្រូវបានថ្មីៗ ។

លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ បានបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងយើងកំពុងដុតដៃដុតជើងនិងកំពុងធ្វើការស្រាវជ្រាវ ស្វែងរកនិងកំណត់មុខសញ្ញាក្រុមជនល្មើស​ដើម្បីចាប់ខ្លួនយកមកផ្តន់ផ្ទាទោស​តាមច្បាប់។ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានដឹកនាំមន្រ្តី ចុះសួរសុខទុក្ខ​ផ្ទាល់​នៅផ្ទះជនរងគ្រោះ ដែលមានប្តីឈ្មោះ អោម ពត  អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ តឹក សាវង្ស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅត្រង់ចំណុចកើតហេតុខាងលើ។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកមេបញ្ជាការ បានឧត្ថមថវិកាដល់ជនរងគ្រោះចំនួន៤០ម៉ឺនរៀល ដើម្បីជួយរំលែកនិងសម្រាលក្នុងជីវភាពរស់នៅ របស់ក្រុមគ្រួសារជនរងគ្រោះ នេះជាទម្លាប់ និងជាវប្បធម៌ចែករំលែករបស់ថ្នាក់ដឹកនាំ គ្រប់រូបជាមួយប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការអ្វីឡើយ។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានសម្តែងក្តីរីករាយនិងថ្លែងអំណរគុណ​ដល់លោក​មេបញ្ជាការ​​សម្រាប់ការផ្តល់ថវិកា និងការចុះសួរសុខទុក្ខផ្ទាល់​នៅពេលនេះ៕