(ភ្នំពេញ)៖ មហាអយ្យការអមសាលាឧទ្ធរណ៍ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំដោះស្រាយបញ្ហាការទប់ស្កាត់ ការធ្វើចរាចរណ៍ផលិតផលសុខាភិបាលខុសច្បាប់ តាមការស្នើសុំរបស់ក្រសួងសុខាភិបាល ដោយមានការដឹកនាំពី លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួងសុខាភិបាល, តំណាងក្រសួងយុត្តិធម៌, តំណាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម, តំណាងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, អគ្គព្រះរាជអាជ្ញារង, ព្រះរាជអាជ្ញា មន្ត្រីរាជការនៃសាលាឧទ្ធរណ៍ភ្នំពេញ អ្នកច្បាប់ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

របាយការណ៍របស់ក្រសួងសុខាភិបាល ដែលត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំនេះ បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ នាយកដ្ឋានឱសថ នៃក្រសួងសុខាភិបាល បានផាកពិន័យបទល្មើសឱសថ និងគ្រឿងសម្អាងចំនួន ៦៥ករណី ស្មើនឹងទឹកប្រាក់ ១១៨លានរៀល (១១៨,០០០,០០០រៀល)។ ក្នុងការពង្រឹងការអនុវត្តច្បាប់ ក្រសួងសុខាភិបាល បានធ្វើការប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា បានចុះត្រួតពិនិត្យ និងណែនាំពីគោលការណ៍បច្ចេកទេសដល់កន្លែងលក់ផលិតផលសុខាភិបាល បានទិញឱសថ និងគ្រឿងសម្អាងក្រោយអនុញ្ញាតឲ្យលក់លើទីផ្សារ ដើម្បីត្រួតពិនិត្យគុណភាពប្រកបដោយតម្លាភាព ព្រមទាំងបានចាត់វិធានការផ្លូវច្បាប់ ដូចជាការលុបបញ្ជិកាឱសថ ឬប្រវេទន៍ និងគ្រឿងសម្អាងណា ដែលមានគុណភាពមិនត្រឹមត្រូវផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក អ៊ុក សាវុធ បានជំរុញដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឲ្យបានកាន់តែល្អប្រសើរថែមទៀត ពាក់ព័ន្ធនឹងការបង្ក្រាបផលិតផលសុខាភិបាលក្លែងក្លាយ ដើម្បីលើកស្ទួយសុខភាព និងសុវត្ថិភាពសាធារណៈ របស់ប្រជាពលរដ្ឋយើង៕