(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដសម្រាប់ធ្វើផ្ទះសម្បែង សរុបជាង១២,០០០គ្រួសារ នៅទូទាំងខេត្តក្រចេះ ទទួលបានដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល គិតតាំងពីឆ្នាំ២០១០ ដល់ពាក់កណ្ដាលឆ្នាំ២០២០នេះ។ ដោយឡែក ការធ្វើប្រទានកម្មដីធ្លីវិញ គឺរហូតមកដល់ពេលនេះ បានចំនួន២៨,០០០គ្រួសារ។

នេះបើតាមការឲ្យដឹងពី លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដក្រចេះ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តក្រចេះ» នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

លោក កៅ ម៉ាឌីឡែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅខេត្តក្រចេះយើងនេះ ចាប់តាំងពីរៀបចំបែងចែកដីសម្បទានសង្គមកិច្ច ឆ្នាំ២០១០ រហូតមកដល់ពេលនេះ បានចំនួន១២,០០០គ្រួសារ [...] ដោយឡែក សម្រាប់ប្រទានកម្ម ដែលរាជរដ្ឋាភិបាលបានឃើញប្រជាពលរដ្ឋប្រើប្រាស់ដីជាក់ស្ដែង ហើយអនុវត្តតាមបទបញ្ជាលេខ០១ ចាប់ពីឆ្នាំ២០១២ បានចំនួន២៨,០០០គ្រួសារ»

ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ បានគូសបញ្ជាក់ទៀត ចំនួនទាំងអស់នេះប្រសិនបើគិតជាផ្ទៃក្រឡាដីសាធារណៈរបស់រដ្ឋ ហើយបំលែងជាដីឯកជនរបស់រដ្ឋ បានកាត់ជូនប្រជាពលរដ្ឋប្រមាណជិត១៣ម៉ឺនហិកតា។ លោកបន្ថែមថា ខេត្តក្រចេះនេះទៀតសោត គឺបានទទួលចំណាត់ថ្នាក់លេខ៣ លើការកាត់ដីរបស់រដ្ឋជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដគ្មានដីសម្រាប់ធ្វើលំនៅឋាន។

លោក កៅ ម៉ាឡែន បានបន្ដទៀតថា ក្នុងឆ្នាំ២០១៩ រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានផ្តល់ដីជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារចូលនិវត្តន៍ ៣៦២ខ្នងផ្ទះ និងបានផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រខ្វះដី បានចំនួន៣,០៣៤គ្រួសារ។

ដោយឡែក ការងាររដ្ឋបាលដីធ្លី រដ្ឋបាលខេត្ត សហការជាមួយមន្ត្រីបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបានដូចខាងក្រោម៖

*ចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ចំនួន០៤ក្រុង ស្រុក (ក្រុងក្រចេះ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង) បានចំនួន១៥,៩៨៨បណ្ណ ក្នុងនោះបណ្ណសម្បទានដីសង្គមកិច្ច ២,៤៩១បណ្ណ
*ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ០២សហគមន៍ ស្ថិតនៅភូមិស្រែឈូក ឃុំរលួសមានជ័យ និងភូមិត្នោត ឃុំស្រែជិះ ស្រុកសំបូរ
*ចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំបានចំនួន ២៤បណ្ណ
*ចុះបញ្ជីផ្ទេរកម្មសិទ្ធបាន ៣៦២ក្បាលដី
*ចុះបញ្ជីប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ២៩៥ក្បាលដី។

ការងារដោះស្រាយទំនាស់ដីធ្លី៖ ជាលទ្ធផលដំណោះស្រាយវិវាទដីធ្លី ស្ថិតក្នុងយន្តការគណៈកម្មការសុរិយោដី ៥៤ករណី និងក្រៅយន្តការគណៈកម្មការសុរិយោដី ៩៨ករណី បានទទួលពាក្យបណ្តឹងសរុប ១៤៨ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ ៨៣ករណី កំពុងដោះស្រាយ ៨១ករណី សុំដកពាក្យបណ្តឹងវិញ ០៨ករណី និងច្រានចោលពាក្យបណ្តឹងបន្ទាប់ពីស៊ើបអង្កេតខុសពីសមត្ថកិច្ច ០៩ករណី និងកំពុងដោះស្រាយ ៤៨ករណី៕