(ប៉ៃលិន)៖ ដើម្បីចូលរួមអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកថវិកាសប្បុរសធម៌ចំនួន ៧៤,៦៣៥,០០០រៀល ដែលបានមកពីការចូលរួមឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នជុំវិញខេត្ត និងសប្បុរសជននានា មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីទុកសម្រាប់ជួយទ្រទ្រង់បន្តដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើក។

លោក ផាន់ ចាន់ធុល បានឱ្យដឹងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាពេលនេះ គឺជាទឹកចិត្តសប្បុរស និងក៏ជាវប្បធម៌ នៃការចែករំលែកជួយគ្នា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោកបានបន្តថា ថ្វីត្បិតកម្ពុជាបច្ចុប្បន្ន ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀតលើសកលលោក ដែលបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក៏ដោយប៉ុន្តែថវិកាដែលយើងប្រមូល បាននៅតែមានចំនួនច្រើន នេះសបញ្ជាក់អោយឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ក្នុងការរួមចំណែកលើវិស័យមនុស្សធម៌។

ជាការឆ្លើយតបឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ដែលជារៀងរាល់ឆ្នាំបានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗបានទាន់ពេលវេលា។

អនុប្រធានក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងចាត់ចែងប្រើប្រាស់ថវិកាទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេសដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងការការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕