(ភ្នំពេញ)៖ ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន២គ្រឿង ត្រូវអាជ្ញាធររាជធានីភ្នំពេញ ប្រើប្រាស់ ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ ម៉ាស៊ីនទាំងពីរគ្រឿងនេះ ជាអំណោយរបស់ទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ចំពោះការងារសម្អាតធូលី ស្លឹកឈើ សំរាម និងអនាម័យ នៅតាមផ្លូវសាធារណៈតាមសួនច្បារនានា តាមទីផ្សារនានាត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ជាចម្បងដើម្បីថែរក្សាអនាម័យ និងសុខមាលភាពជូនប្រជាពលរដ្ឋក្នុងទីក្រុងផង និងដើម្បីសោភ័ណ្ឌភាពទីក្រុងភ្នំពេញផង ដោយលោកបានចាត់ចែងដល់អង្គភាព ជំនាញធ្វើកិច្ចការងារនេះដោយផ្ទាល់។

ពាក់ព័ន្ធការងារនេះ លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភំ្នពេញ បានឲ្យដឹងថា ម៉ាស៊ីនបូមធូលី ស្លឹកឈើ និងសំរាមនេះជាអំណោយរបស់ទីក្រុង ណាននីង ប្រទេសចិន ដែលបានបញ្ជូនមកឲ្យរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងណាននីង ផ្តល់បរិក្ខារពេទ្យមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីប៉ុន្មានខែកន្លងមកនេះ។

លោកក៏បានបញ្ជាក់ទៀតថា ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺសមត្ថភាពប្រើប្រាស់សម្រាប់បោសសម្អាតនៅក្នុងបរិវេណដែលផ្ទៃដីទំហំ ១៦០០០ ម៉ែត្រការ៉េក្នុង១ម៉ោង និងអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង។

ម៉ាស៊ីនបូមទាំងពីរនេះកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកមកធ្វើសកម្មភាពបូមសម្អាតនៅតាមផ្លូវដើរលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់ រហូតដល់មុខ វត្តឧណ្ណាឡោម ហើយជាក់ស្តែងម៉ាស៊ីននេះ ពិតជាមានគុណភាពដែលអាចបូមសម្អាតធូលី ស្លឹកឈើ និងសំរាម បានស្អាត និងមិនធ្វើឱ្យធូលីហុយនោះទេ ព្រោះមានទឹកសម្រាប់បាញ់ ស្រោចនៅពេលកំពុងប្រតិបត្តិការបូមធូលី។

លោក នួន សំណាវុធ ក៏បានបញ្ជាក់ផងដែរថា៖ ម៉ាស៊ីនបូមមទាំងពីរនេះ ជាម៉ាស៊ីនប្រើប្រាស់អាគុយ ដែលមិនបង្កផលប៉ះពាល់បរិស្ថានហើយបើខណ្ឌមួយចំនួន ត្រូវការអាចយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនបាន៕