(ចិន)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់, ៣នាក់បាត់ខ្លួន និងជិត៥០នាក់រងបួស បន្ទាប់ពីមានករណី​ផ្ទុះ​ឆេះ​មួយ បានកើតឡើង នៅក្នុងរោងចក្រផលិត​កាំជ្រួច ក្នុងខេត្តជាំងស៊ី ប្រទេសចិន នេះ​បើយោងតាមការចេញផ្សាយ ​របស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែមករា។

អាជ្ញាធរ បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង០០៖៣០នាទី រំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី២០ ខែមករា​ ដោយក្រោយពីកើតហេតុ ក្រុមជួយសង្គ្រោះបានមកដល់ និងជួយមនុស្ស២០នាក់ ឲ្យគេច​ផុត​ពី​កណ្ដាប់ដៃភ្លើង ប៉ុន្តែនៅពេលនេះ មានមនុស្ស៣នាក់​ ត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួន ខណៈម្នាក់​បាន​ស្លាប់ និងជិត៥០នាក់ផ្សេងទៀតរបួស។

ពាក់ព័ន្ធនឹងករណីផ្ទុះឆេះរោងចក្រផលិតកាំជ្រួចនេះ អាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេត ស្វែងរកមូលហេតុពិត នៃ​ការ​ផ្ទុះឆេះ៕