(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពនាយឧត្តមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ២៖០៤ទៀបភ្លឺ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។

ពិធីបុណ្យសពធ្វើឡើងគេហដ្ឋាននៃសព ដែលស្ថិតនៅ ផ្ទះលេខ ៤៦ ផ្លូវ២៤០ ក្រុម២៨ ភូមិទី៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បាននាំយកបច្ច័យមួយចំនួន និងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនក្រុមគ្រួសារនៃសព និងបានចាត់ទុកថាមរណភាពរបស់នាយឧត្តមសេនីយ៍ ចក់ ឡេង គឺមិនត្រឹមតែជាការបាត់បង់ ឧត្តមស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះ ភរិយា បុត្រា បុត្រី និងចៅៗប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង រួមចំណែកនាំមកនូវ សុខសន្តិភាព ស្ថិរភាព ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ ចក់ ឡេង បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕