(ភ្នំពេញ)៖ យុទ្ធនាការរត់ប្រណំាំង ULTRA Marathon ដែលគ្រោងធ្វើឡើងនៅទឹកដីអង្គរ ខេត្តសៀមរាបចុងសប្តាហ៍នេះដែលត្រូវបាន ចាត់ទុកថាជា “ផលិតផលទេសចរណ៍ថ្មីនៅកម្ពុជា” ក្នុងការរត់រយៈចម្ងាយឆ្ងាយមិនធ្លាប់មានពីមុន នេះបើតាមសំដីរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោកបានបញ្ជាក់ទៀតថា នេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ចម្លែកដ៏អស្ចារ្យមួយ ដែលនឹងរៀបចំឡើងក្នុងប្រទេស កម្ពុជាដើម្បី ទាក់ទាញទេសចរណ៍ ហើយក៏ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិដ៏សម្បូរបែបនេះដែរ ជាពិសេសគឺប្រាសាទអង្គរវត្ត តែម្ដង ដែលភ្ញៀវទេសចរលើពិភពលោក កំពុងចាប់អារម្មណ៍ ។

ដូច្នេះ ការរៀបចំព្រឹត្តិការណ៍ Ultra-Marathon នេះ លោកជឿជាក់ថា មិនត្រឹមតែបានទាក់ទាញភ្ញៀវទេសចរឲ្យចូលរួម រត់កម្សាន្ដ ប៉ុណ្ណោះទេ ថែមទាំងអាចទាញ យកចំណូលឲ្យកម្ពុជា បានបន្ថែមទៀតផងដែរ ។

លោក វ៉ាត់ ចំរើន បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកម៉ោង ១០៖០០នាទីនៅទីស្នាក់ការ NOCC ឲ្យដឹងថា “ULTRA Marathon នេះ គឹជាការត់ក្នុងចម្ងាយឆ្ងាយធម្មជាតិ មិនមែនរត់នៅតាមផ្លូវ ដូចយើងរង់ធម្មតានោះ ទេ ដោយការរត់នោះរួមមានឧបសគ្គ ខ្លះៗដែរ មានទាំងផ្លូវតូច-ចង្អៀតថែមទៀតផង ដោយនៅស្រុកគេ និងជាពិសេស អឺរ៉ុបតែម្តង មានការចាប់អារម្មណ៍ខ្លាំង ផ្នែករត់តាមផ្លូវ និងរត់ធម្មជាតិ” ។
លោកបានបន្ថែមទៀតថា វិញ្ញាសាគោលក្នុងការរត់ ULTRA Marathon គឺរត់ចម្ងាយ១២៨គីឡូម៉ែត្រ ដែលប្រើពេលជាង១ថ្ងៃក្នុងនោះគឺ មានការសម្រាកញាំអាហារសម្រន់តិចតួច ដែលតម្រូវឲ្យថ្លៃបង់ថ្លៃរត់ចំនួន១៦០ដុល្លារ វិញ្ញាសារត់ ៦៤គីឡូម៉ែត្រ ត្រូវបង់៩០ដុល្លារ ៣២គីឡូម៉ែត្រ បង់៦០ដុល្លារ សម្រាប់ជនបរទស តែកម្ពុជា មិនតម្រូវឲ្យបង់ថ្លៃនោះទេ និងវិញ្ញាសារត់បែបកម្សាន្ត ១០គីឡូម៉ែត្រ ។

សូមបញ្ជាក់ដែរ គិតមកដល់ពេលនេះចំនួនអ្នកចុះឈ្មោះបានកើនដល់២៥០នាក់ហើយមកពី២៦ប្រទេសដោយក្នុង នោះអាហ្រ្វិកមាន ចំនួន ច្រើនជាងគេ បន្ទាប់មកអាម៉េរិកឈរនៅលេខ២ ។ ចំពោះថវិកាដែលទទួលបាននោះ គឹយកទៅទិញធានរ៉ាប់រង (Insurance) ជូនដល់អ្នកចូលរួមទាំងអស់រត់ទាំងអស់ និងចំណាយលើការប្រកួតរយៈពេលជាង១ថ្ងៃ និងសល់ពីនោះ គឺដើម្បីយកទៅឧបត្ថម្ភ អង្គការកុមារកំព្រានៅកម្ពុជា លោក វ៉ាត់ ចំរើន បន្ថែម ៕