(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកជាទស្សនៈថា វិស័យឯកជននៅតំបន់អាស៊ាន មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាលទេ ត្រូវគិតគូរពីលទ្ធភាពរបស់ខ្លួន ក្នុងការចូលរួមគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា ការចូលរួមពីវិស័យឯកជន គឺជាកិច្ចការសំខាន់ដែលមិនអាច ខ្វះបាន ក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍អាស៊ាន ក៏ដូចជាក្នុងបរិបទកូវីដ-១៩ នេះ។ ជាការពិត ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យមួយចំនួនធំរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលទាមទារការចូលរួមអន្តរាគមន៍ពីរដ្ឋាភិបាល។ ប៉ុន្តែវិស័យឯកជនផ្ទាល់ក៏មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាល និង ត្រូវមានការគិតគូរអំពី លទ្ធភាពរបស់ខ្លួន ក្នុងការរួមចំណែកគ្រប់គ្រង និង កាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺនេះ»

សម្តេចបានបន្តថា ផ្អែកលើស្មារតីនេះ សម្រាប់វិស័យដែលមិនរងផលប៉ះពាល់ជាអវិជ្ជមាន ឬរងផលប៉ះពាល់តិចតួច វិនិយោគិន និងម្ចាស់អាជីវកម្ម ត្រូវមានការគិតគូរឱ្យបានដិតដល់ចំពោះការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសការទទួលខុសត្រូវសង្គម (Corporate social responsibility) មកលើបុគ្គលិករបស់ខ្លួន។ វិនិយោគិន និងម្ចាស់អាជីវកម្មនានាត្រូវចងចាំថា បុគ្គលិករបស់ខ្លួននេះហើយ ជាអ្នកធ្វើឱ្យអាជីវកម្ម និងការវិនិយោគ មានភាពរីកចម្រើនរហូតដល់ថ្ងៃនេះ។

វិបត្តិកូវីដ-១៩នេះ ជាឱកាលដ៏ល្អសម្រាប់វិនិយោគិន និងម្ចាស់អាជីវកម្ម បង្ហាញអំពីការដឹងគុណ និង តបស្នងដល់បុគ្គលិករបស់ខ្លួន តាមរយៈការមិនបញ្ឈប់ការងារ និងការឧបត្ថម្ភផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន។ វាជាការពិតណាស់ រដ្ឋាភិបាលប្រទេសអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុង និង ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាលតែម្ខាងក៏មិនអាចដោះបញ្ហាប្រឈមទាំងឡាយបាននោះដែរ។ សម្តេចតេជោបន្ថែម។

សម្តេចបានគូសបញ្ជាក់ទៀតថា៖ វិស័យឯកជនត្រូវចូលរួម និងសហការយ៉ាងផុសផុលជាមួយរដ្ឋាភិបាលរួមធ្លុងមួយក្នុងការដោះស្រាយ បញ្ហាប្រឈមនានាដែលកំពុងតែកើតមាន៕