(ព្រះសីហនុ)៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងឆក់កាបូប នៅសង្កាត់៤ និងសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីទីមួយកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ នៅថ្ងៃទី២៥ ខែមិថុនា មានប្រជាពលរដ្ឋបានទូរស័ព្ទមកតាមប្រព័ន្ធ Hotline រាយការណ៍ថា នៅចំណុចម្ដុំផ្លូវ LV ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Honda dream ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1AW-1466 មកឈប់នៅមុខផ្ទះរបស់ប្រជាពលរដ្ឋ មានម្នាក់មានកាំភ្លើងខ្លី១ដើម។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ រីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។ ក្នុងនោះចាប់យកវត្ថុតាងកាំភ្លើងខ្លី១ដើម (ប្រើហ្កាស) ផងដែរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីទីពីរនៅចំណុចម្ដុំផ្លូវជិតកាស៊ីកោះតាកៀវ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកឈប់នៅក្បែរកន្លែងជនជាតិចិនកំពុងផឹកស៊ី ខណៈពេលនោះសង្ស័យម្នាក់ចុះពីលើម៉ូតូ ទៅធ្វើសកម្មភាពឆក់កាបូប ជនជាតិចិនដែលកំពុងអង្គុយផឹកស៊ី។

ក្រោយមកជនជាតិចិនដេញតាមចាប់ តែត្រូវបានជនសង្ស័យទាំង២នាក់ បើកម៉ូតូបុកអូសជនរងគ្រោះប្រហែលជា១០ជាងម៉ែត្រ ហើយធ្លាក់ជនសង្ស័យម្នាក់ពីម៉ូតូ ភ្លាមៗនោះកម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ ដែលបានជិះម៉ូតូល្បាតនៅក្បែរកន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ រីឯជនសង្ស័យម្នាក់ទៀត បានបើកម៉ូតូរត់គេចខ្លួនបាត់ទៅ។

បច្ចុប្បន្នករណីទាំង២ខាងលើ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕