(ភ្នំពេញ)៖ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងជាប្រធានអាហារូបករណ៍ ស សុខា នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិកសមាជិកា រួមទាំងចៅសង្កាត់ មេភូមិ ចុះសំណេះសំណាលប្រជាពលរដ្ឋក្នុងភូមិ៥ ក្រុម៣១ និងនាំយកអំណោយរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក ទទួលបន្ទុក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកស្រី កែ សួនសុភី មកប្រគល់ជូនដល់ដូនចាស់ជរា២គ្រួសារ ដែលម្នាក់មានអាយុជិត១០០ឆ្នាំ។

យោងតាមសេចក្តីរាយការណ៍ពីចៅសង្កាត់ផ្សារដើមថ្កូវ, លោក អាំង សិរីពិសិដ្ឋ បានប្រាប់ថា ដូនចាស់ទាំង២នាក់នេះម្នាក់ឈ្មោះ កៅ ហុង អាយុ៩៧ឆ្នាំ (ដើរមិនរួច) និងម្នាក់ទៀតឈ្មោះ ជា រ៉េត អាយុ៩០ឆ្នាំ (ងងឹតភ្នែក)។ លោកចៅសង្កាត់បន្តថា ដូនចាស់ទាំង២នាក់នេះ រស់នៅដោយពឹងលើញាតិជិតខាងជួយផ្តល់បាយទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ។

អភិបាលរងខណ្ឌ បានអោយដឹងថា ដោយទទួលបាននូវសេចក្តីរាយការណ៍របស់លោកចៅសង្កាត់ អំពីគ្រួសារយាយទាំងនាក់ ជួបនូវបញ្ហាខ្វះខាត ដោយមានជំងឺប្រចាំកាយ ម្នាក់ដើរពុំបាន និងម្នាក់ងងឹតភ្នែកនោះ ទើបលោកស្មើសុំ និងបាននាំយកអំណោយលោក ស សុខា មកប្រគល់ជូនដល់លំនៅឋានផ្ទាល់។

ខណៈចុះផ្តល់អំណោយ និងពិនិត្យដោយផ្ទាល់ដឹងពីសុខទុក្ខលោកយាយទាំង ២នាក់ តាមលំនៅឋាននេះលោក អាំង សិរិពិសិដ្ឋ បានបញ្ជាក់ថា ចាប់ខែកក្កដាតទៅ លោក ស សុខា ទទួលចិញ្ចឹមដោយផ្គត់ផ្គង់ដល់លោកយាយទាំង២នាក់នូវអង្ករ ៥០គីឡូក្រាម និងថវិកា១០ម៉ឺនរៀលជារៀងរាល់ខែ។

ជាមួយគ្នានោះ លោក អាំង សិរីពិសិដ្ឋ បានផ្តាំផ្ញើញាតិជិតខាង ជួយមើលថែទាំសាសុខភាពលោកយាយ និងធ្វើអនាម័យជូនដល់លោកយាយជាប្រចាំផងដែរ ដើម្បីបង្ការមេរោគ Covid-19។

លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ថា អំណោយទាំងអស់រួមមាន៖ រទេះសម្រាប់ជនពិការ ០១គ្រឿង, អង្ករ ២៥គីឡូក្រាម, ត្រីខកំប៉ុង ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ១០០.០០០ (ដប់ម៉ឺន)រៀល៕