(ភ្នំពេញ)៖ រោងចក្រស្រាបៀរតម្លៃវិនិយោគ ១៣៩.៥លានដុល្លារ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី (VATTANAC BREWERY LIMITED) ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ១៥ម៉ឺនម៉ែត្រក្រឡា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដែលមានទីតាំងនៅលើផ្លូវលេខ១១៤ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

តាមរយៈការដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា វិស័យឧស្សាហកម្មកំពុងវិវត្តខ្លួន និងដើរតួនាទីរឹតតែសំខាន់ឡើង ក្នុងឋានៈជាកម្លាំងចលករថ្មី ដ៏រឹងមាំនៃឃ្នាស់សេដ្ឋកិច្ចជាតិ ក្នុងចំណោមវិស័យជុំរុញកំណើនសំខាន់ៗនៅកម្ពុជា។

ដោយបានមើលឃើញពីសក្តានុពល និងកាលានុវត្តភាព ក្នុងវិស័យឧស្សាហកម្ម ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី បានសម្រេចចិត្តយ៉ាងមោះមុត បន្តអនុវត្តផែនការសាងសង់ រោងចក្រស្រាបៀររបស់ខ្លួន ដែលបានគ្រោងទុកជាយូរមកហើយ ដោយប្រើប្រាស់ទុនវិនិយោគផ្ទាល់ខ្លួន និងក្នុងស្រុកទាំងស្រុង បើទោះជាស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្តី ដើម្បីបង្ហាញពីការប្តេជ្ញាបន្តរួមចំណែក ជាមួយរាជរដ្ឋាភិបាលជានិច្ចក្នុងការស្តារ និងជុំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈបទពិសោធន៍ជាច្រើន ទសវត្សន៍កន្លងមកក្នុងការផលិត និងចែកចាយស្រាបៀរក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី មានជំនឿយ៉ាងមុតមាំ ក្នុងការបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានគុណភាពខ្ពស់និងសេវាកម្មល្អ ឆ្លើយតបទៅនឹងតម្រូវការ ពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្រុកដែលបច្ចុប្បន្ន មានការយល់ដឹងខ្ពស់ និងចង់ប្រើផលិតផលដែលល្អ ទាំងគុណភាពទាំងសេវាកម្ម ព្រមទាំងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ដើម្បីបង្ហាញទៅកាន់ពិភពលោក ឲ្យបានស្គាល់អំពីផលិតផល និងស្នាដៃរបស់កូនខ្មែរ។

ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ក៏ផ្ដោតសំខាន់បន្ថែមទៀត ទៅលើការជ្រើសរើសធនធានមនុស្សទាំងក្នុង និងក្រៅប្រទេស ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ទៅលើចង្វាក់ផលិតកម្ម ក្នុងការផលិតស្រាបៀរ និងគ្រប់គ្រងពាណិជ្ជកម្ម ស្របជាមួយការបំពាក់គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់ប្រទេសអាល្លឺម៉ង់។

រោងចក្រស្រាបៀររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គ្រោងនឹងចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងឆ្នាំ២០២១ខាងមុខ ជាមួយនឹងសមត្ថភាពផលិតរហូតដល់៧៦លានកេស ក្នុងមួយឆ្នាំ។

នៅពេលគម្រោងនេះ ដំណើរការផលិតកម្មពេញលេញ នឹងបង្កើតការងារដល់បុគ្គលិករហូតដល់១,៥០០នាក់ ផ្តល់ឱកាសការងារ ដោយប្រយោលជាច្រើន ផ្សេងទៀត រួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋយ៉ាងច្រើន ព្រមទាំងចូលរួមលើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យផ្សេងៗទៀតជាច្រើននៅកម្ពុជា។ ជាពិសេស គឺការចូលរួមជុំរុញពិពិដកម្មផលិតផលក្នុងស្រុកដែលមានស្តង់ដារនិងគុណភាពខ្ពស់។

ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយ នៅក្នុងប្រទេសកម្ពុជា។ វឌ្ឍនៈ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដែលសុទ្ធសឹងជាការវិនិយោគដោយធនធានផ្ទាល់ខ្លួនសុទ្ធសាធ ក្នុងវិស័យសំខាន់ៗដូចជា៖

* វិស័យធនាគារ មានធនាគារ វឌ្ឍនៈ បច្ចុប្បន្នមានចំនួន១៩សាខា និងសាខាជាច្រើនទៀត នៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេសកម្ពុជា ដែលមានទីតាំងរួចរាល់ ព្រមទាំងបាននិងកំពុងសាងសង់ ហើយត្រៀមនឹងបើកដំណើរការជាបន្តបន្ទាប់។

* វិស័យអចលនទ្រព្យ មានក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី (Vattanac Properties) គ្រប់គ្រងលើអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល (Vattanac Capital) ដែលលេចធ្លោឈរសន្ធឹងមានរាងដូចនាគរាជនៅកណ្ដាលទីក្រុងភ្នំពេញ មានបន្ទប់ការិយាល័យលំដាប់ A (GRADE A) ផ្សារទំនើប និងសណ្ឋាគារ។

* វិស័យបដិសណ្ឋារកិច្ច មានសណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh) និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត (Vattanac Golf Resort) កម្រិតស្តង់ដារអន្តរជាតិ ដែលមាន៣៦រន្ធដំបូងគេបង្អស់នៅកម្ពុជា និងបានរៀបចំ និងរចនាឡើងដោយផ្សារភ្ជាប់ទៅនឹង អត្តសញ្ញាណវប្បធម៌ខ្មែរ និងប្រកបដោយមេត្រីភាពបរិស្ថាន ហើយគ្រប់គ្រងនិងប្រតិបត្តិការដោយក្រុមហ៊ុន Troon International ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ល្បី ក្នុងការគ្រប់គ្រងទីលាន វាយកូនហ្គោល។

* វិស័យម្ហូបអាហារ មានក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី (Vattanac F&B ) នាំចូលម៉ាកយីហោភោជនីយដ្ឋានល្បីៗនៅលើពិភពលោក។

* វិស័យទំនិញនិងសេវាកម្ម មានក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន (Vattanac Investment) ដែលផ្តោតលើសំលៀកបំពាក់ គ្រឿងថែរក្សាសម្ផស្ស គ្រឿងសង្ហាររឹម និងបរិក្ខារលម្អ ដែលសុទ្ធសឹងជាម៉ាកសញ្ញាល្បីៗលំដាប់ពិភពលោក។

តាមផែនការនៅក្នុងឆ្នាំ២០២០នេះ វឌ្ឍនៈគ្រុប មានគម្រោងវិនិយោគធំៗចំនួន២ គឺ៖

* ទី១៖ គម្រោងសាងសង់រោងចក្រផលិតស្រាបៀរ ផ្តោតលើគុណភាពខ្ពស់ និងសេវាកម្មល្អ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ដែលកំពុងបើកការដ្ឋានសាងសង់។

* ទី២៖ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីឈ្មោះ វឌ្ឍនៈ វីល (Vattanac Ville) មានទីតាំងស្ថិតនៅជុំវិញទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត លាតសន្ធឹងលើផ្ទៃដីជាង១ពាន់ហិកតា ដែលនឹងក្លាយទៅជាទីក្រុងនិមត្តិរូបថ្មីមួយ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ទីក្រុងរណបថ្មី វឌ្ឍនៈ វីល នឹងរំលេចទៅដោយគម្រោងលំនៅដ្ឋាន បែបទំនើបប្រណីត អគារពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប សាលារៀនអន្តរជាតិ -ល- ដែលលនឹងសាងសង់ ដោយយកចិត្តទុកដាក់បំផុត ហើយផ្តោតសំខាន់ទៅលើគុណភាព និងបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងធម្មជាតិដ៏ស្រស់បំព្រង៕