(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមិថុនា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលអំណោយជាសាប៊ូដុំ ជែលលាងដៃ និងសម្ភារផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ពី គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)។

ក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា ក៏បានប្រគល់អំណោយទាំងនេះ រួមជាមួយ អាវពោងចំនួន ៩,០៥០អាវ ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត សម្រាប់បំពេញប្រតិបត្តិការមនុស្សធម៌។

ពិធីនេះប្រព្រឹត្តទៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក Roman Paramonov ប្រធានបេសកកម្ម ICRC ប្រចាំនៅកម្ពុជា ព្រមទាំងអញ្ជើញចូលរួមពី តំណាង គណៈកម្មាធិការសាខា-ក្រុមប្រតិបត្តិសាខា ទាំង២៥រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃទីស្នាក់ការកណ្តាល។

ក្នុងឱកាសនោះ លោក Roman Paramonov បានថ្លែងនូវការកោតសរសេីរចំពោះកាកបាទក្រហមកម្ពុជា ដែលបានបំពេញបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេលកន្លងមក ជាពិសេស ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ប្រកបដោយភាពជោគជ័យ ដែលអាចចាត់ទុកថាជាគំរូមួយសម្រាប់ពិភពលោក។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត ជាពិសេសសូមថ្លែងនូវការកោតសរសើរចំពោះសាខាទាំងអស់ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតបានយ៉ាងទាន់ពេលវេលា សក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។

ទន្ទឹមនឹងនេះ លោកស្រីអគ្គលេខាធិការ បានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការ-ក្រុមប្រតិបត្តិសាខា និងបានធ្វើការណែនាំដល់សាខាទាំងអស់ អំពីរបៀបប្រេីប្រាស់បណ្តាញទំនាក់ទំនង របៀបរបបធ្វេីរបាយការណ៍ និងការងារផ្សព្វផ្សាយផ្សេងៗទៀតដេីម្បីបង្កេីនប្រសិទ្ធភាពការងារ។

បន្ថែមពីនេះ លោកស្រីបានផ្តល់អនុសាសន៍ដល់សាខាទាំងអស់ ក្នុងការត្រៀមបង្ការ និងឆ្លេីយតបគ្រោះទឹកជំនន់នារដូវវស្សានេះ ក៏ដូចជាគ្រោះអគ្គិភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះមហន្តរាយធម្មជាតិនានា។

ជាពិសេស សូមបន្តអនុវត្តនូវវិធានការនានារបស់រាជដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទី២ នៃជំងឺកូវីដ-១៩ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាម ដែលអាចកេីតមាននារដូវវស្សានេះ ដោយសូមយកចិត្តទុកដាក់ បន្តផ្សព្វផ្សាយជាប្រចាំអំពីសុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ និងបន្តផ្តល់អំណោយជាស្បៀង-សម្ភារជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដើម្បីជួយសម្រាលដល់ជីវភាពក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩នេះ៕