(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឃុន ហាំង ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅវេទិកាសាធារណៈនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្តែងការគាំទ្រចំពោះ សំណូពរទាំងអស់ដែលតំណាងប្រជាពលរដ្ឋតាមភូមិនីមួយៗ បានលើកឡើង និងជំរុញឱ្យគណៈអភិបាលខណ្ឌ ធ្វើការដោះស្រាយជូនពួកគាត់ឱ្យអស់លទ្ធភាព ចំពោះសំណូមពរណាដែលហួសសមត្ថភាពដោះស្រាយមិនបានសូមបញ្ជូនទៅថ្នាក់រាជធានី ឬថ្នាក់ជាតិ ដើម្បីរួមគ្នាដោះស្រាយបន្ត។

ការពាំទ្រលើសំណូមពរបែបនេះ របស់លោក ទេសរដ្ឋមន្រ្តី ឃុន ហាំង បានធ្វើឡើងក្រោយវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៣ ដែលមានតំណាងប្រជាពលរដ្ឋ ចំនួន១៥នាក់ បានលើកជាសំនួរ និងសំណូមពរផ្ទាល់មាត់ និងមានសំណូមពរ តាមរយៈលិខិតចំនួន ២៧ទៀត បានស្នើសុំទៅក្រុមប្រឹក្សាខណ្ឌ និងឱ្យគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ ជួយសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ ដែលនោះក្នុងភាគច្រើនជា៖ បញ្ហាផ្លូវ លូ សំរាម ទឹកស្អាត និងល្បែងស៊ីសង។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងនៅក្នុងបរិវេណ វត្តតាំងកសាងខាងត្បូង សង្កាត់កាកាបទី២ លោក ខៀវ ឃីនាថ តំណាងក្រុមប្រឹក្សាខណ្ឌ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមានដំណាងប្រជាពលរដ្ឋមកពី ៧៣ភូមិ ចូលរួមចំនួន ២៤៧នាក់។

វេទិការផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អភិវឌ្ឍន៍មូលដ្ឋាន និងបរិស្ថាន ដើម្បីរកឱ្យឃើញនូវបញ្ហាសំខាន់ៗ ជាអាទិភាពឱ្យរដ្ឋបាលខណ្ឌ យកទៅពិចារណាកែទម្រង់ក្នុងការអនុវត្តកម្មវិធីរបស់ខ្លួន ដើម្បីលើកំពស់គុណភាព ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋនៅក្នុងខណ្ឌ ពិសេសពលរដ្ឋក្រីក្រ ឱ្យមានជីវភាពប្រសើឡើង។

សំនួរ និងសំណូមពរដែល ប្រមូលបានពីក្នុងវេទិការនេះ ជាសក្តានុពលដ៏ធំធេងដែលធ្វើឱ្យរដ្ឋបាលខណ្ឌ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត, ចំណុចអសកម្មនានាដែលរដ្ឋបាលខណ្ឌ បានអនុវត្តនាពេលកន្លងមក ដើម្បីយកទៅពិចារណា និងធ្វើការកែលំអរឡើងវិញស្របតាមសេចក្តីត្រូវជាក់ស្តែងនៅមូលដ្ឋាន។

គួបញ្ជាក់ថា ក្នុងវេទទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៣ ឆ្នាំ២០១៩ ទទួលបានសំណូមពរប្រជាពលរដ្ឋចំនួន ៧៩បញ្ហា ហើយក្នុងចំនួននោះ បានដោះស្រាយរួចរាល់បានចំនួន ៥២បញ្ហា នៅសល់ ២៧បញ្ហាទៀត ត្រូវបានបូកបញ្ចូលជាមួយសំណូមពរថ្ងៃនេះ ហើយគណៈអភិបាល នឹងខិតខំដោះស្រាយជូនជាបន្ត។