(ភ្នំពេញ)៖ ដោយមានការសហការ និងជួយសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី, ពលរដ្ឋកម្ពុជា ដែលជានិស្សិត និងពលករចំនួន ១៥៨នាក់ទៀត នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក កុយ គួង បានឲ្យដឹងបន្ថែមថា ពលរដ្ឋខ្មែរទាំង ១៥៨នាក់នោះ នឹងចាកចេញពីទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ វេលាម៉ោង០៩៖០០នាទីព្រឹក ហើយមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ០៩៖៥០នាទីព្រឹក។

ជើងហោះហើរនេះ ក៏មានអ្នកដំណើរជនជាតិម៉ាឡេស៉ី ២នាក់ផងដែរ ហើយជើងហោះហើរនេះមានលេខ MH754 ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី៕