(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការគ្នាលើភាពជាដៃគូ លើការផ្ដល់វគ្គបណ្ដុះបណ្ដាល ពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទ ជាលក្ខណៈអន្ដរជាតិ ដើម្បីបង្កើនលទ្ធភាព និងឱកាសទទួលបានវគ្គបណ្ដុះបណ្ដាល ដល់សាធារណជន ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ។

កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក្រោមការចូលរួមរបស់លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងវត្តមានរបស់លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា, លោកស្រី ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, អ្នកស្រី Nancy Chau អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, អ្នកស្រី Jen Tran អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងភ្ញៀវកិត្ដិយសជាច្រើននាក់។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងអ្នកស្រី Monisa Yang អ្នកចាត់ការទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិច ឆេង ដែលបានចូលរួមពីទីក្រុងហុងកុងតាមរយៈកម្មវិធីអនឡាញទំនើប ដើម្បីបង្ហាញពីការគាំទ្រ និងក្ដីស្រលាញ់ទៅលើបេសកកម្មរួមគ្នា របស់ស្ថាប័នទាំងពីរ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងជំនាញអប់រំ ដល់សាធារណជនអំពីបទប្បញ្ញាត្ដិ និងវិធីសាស្រ្តជោគជ័យ ក្នុងការបើកដំណើរការអាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយពី សក្ដានុពលនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឆ្ពោះទៅកាន់ពិភពលោក។

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការមូលបត្រកម្ពុជា ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ដោយផ្អែកទៅលើវិសាលភាពនៃកិច្ចសហការ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង មានកាតព្វកិច្ចផ្ដល់ជូនអ្នកបណ្ដុះបណ្ដាលជំនាញៗ, សម្ភារ និងកម្មវិធីសិក្សាយ៉ាងសម្រិតសម្រាំង ការគាំទ្រដល់សិក្ខាកាមយ៉ាងពេញលេញ ការរៀបចំដំណើរការប្រឡងតាមស្ដង់ដារ និងជំរុញការផ្សព្វផ្សាយពី វគ្គបណ្ដុះបណ្ដាលមួយនេះជាបន្ដបន្ទាប់។

លោកស្រី ឆាយ លក្ខិណា បានឲ្យដឹងថា «គ្មានអ្វីអាចរារាំងយើងពីការសម្រេចក្តីសុបិន របស់យើងឡើយ ហើយក៏គ្មានអ្វីអាចបង្អាក់ក្ដីប្រាថ្នារបស់យើង លើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទ និងការលើកស្ទួយសេដ្ឋកិច្ចជាតិរបស់យើង។ ទោះបីជាពិភពលោកទាំងមូល កំពុងតែទទួលរងផលប៉ះពាល់ពី ជំងឺរាតត្បាតកូវីដ១៩ក្ដី វិស័យរបស់យើងនៅតែមានជំហររឹងមាំ ហើយយើងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធ្វើឱ្យវាកាន់តែមានភាពរីកចម្រើន និងមានផលិតភាពខ្ពស់»

លោកស្រីបន្ដថា មុននឹងក្លាយជាដៃគូ សម្រាប់វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការគ្នាយ៉ាងច្រើនលើករួចមកហើយរួមមាន៖ ការផ្ដល់ជូនការអប់រំដល់សាធារណជន នៅគ្រប់ខេត្ដក្រុងទាំងអស់នៅកម្ពុជា, ការផ្ដល់ជូននូវវេទិកា សម្រាប់ការវិនិយោគឆ្លងវិស័យ ការផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទកម្ពុជា នៅលើឆាកអន្ដរជាតិ និងការផ្ដល់ភាពងាយស្រួល ដល់វិនិយោគិនបរទេសដែលមកវិនិយោគនៅកម្ពុជា។ បទពិសោធន៍ជោគជ័យរួមគ្នាកន្លងមកនេះ គឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់សមិទ្ធផលជាច្រើនទៀតនាពេលបច្ចុប្បន្ន និងពេលអនាគត។

លោក Lawrence Kook បានឲ្យដឹងថា «ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង តែងតែមានកិត្តិយស ក្នុងនាមជាដៃគូសហការយូរអង្វែង របស់គណៈកម្មការមូលបត្រកម្ពុជា ហើយតាមរយៈការរួមបញ្ចូលគ្នានៃ ជំនាញដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា ជាមួយនឹងបទពិសោធន៍ និងឯកទេសរបស់យើង មានក្ដីរំពឹងខ្ពស់ទៅលើវគ្គបណ្ដុះបណ្ដាល ជាលក្ខណៈអន្ដរជាតិមួយនេះ»

លោកបានបន្ដថា វត្តមាននៃវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធ នឹងឧបករណ៍និស្សន្ទតាមប្រព័ន្ធអនឡាញ នឹងជួយសម្រួលនូវភាពងាយស្រួល និងប្រសិទ្ធភាពដល់អ្នកចូលរួម ឬសិក្ខាកាម ដោយសារពួកគាត់មិនចាំបាច់មានវត្តមានដោយផ្ទាល់ នៅទីតាំងបណ្តុះបណ្តាលឡើយ ហើយដំណើរការនៃការបណ្តុះបណ្តាលទៀតសោត គឺមានឧបសគ្គតិចតួចបំផុត ស្របពេលដែលគម្លាតសង្គមត្រូវបានអនុវត្ត ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។ ដូច្នេះការបើកដំណើរការវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានការស្វាគមន៍យ៉ាងពេញទំហឹង។

លោក ស៊ូ សុជាតិ លើកឡើងថា «ការអនុញ្ញាតិឱ្យមានការចូលរួមជាសាកល ជាគុណប្រយោជន៍ស្នូល នៃវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងឧបករណ៍និស្សន្ទ ជាលក្ខណៈអន្ដរជាតិនេះ មានន័យថា ទាំងប្រជាជននៅតាមបណ្ដាខេត្ត និងអ្នកដែលកំពុងរស់នៅឯបរទេស អាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលបាន ដែលកត្តានេះអាចជួយសន្សំសំចៃធនធាន និងពេលវេលារបស់ពួកគាត់ ក៏ដូចជាជួយឱ្យពួកគាត់ក្លាយជា បុគ្គលដែលមានគុណវុឌ្ឍិទាក់ទង នឹងការយល់ដឹង ជំនាញ និងបទពិសោធន៍នៅក្នុងទីផ្សារឧបករណ៍និស្សន្ទ»

លោក ស៊ូ សុជាតិ បានបន្ថែមថា «យើងពិតជាមានក្ដីរីករាយចំពោះសមិទ្ធផលមួយនេះ ហើយក៏មានសេចក្តីសោមនស្សជាខ្លាំង ដែលបានរួមការងារជាមួយក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលដ៏លេចធ្លោ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ តាមរយៈភាពជាដៃគូនេះ យើងនឹងរួមគ្នាបង្កើតអត្ថប្រយោជន៍ ដល់ប្រជាជនយើង ប្រទេសជាតិយើង និងទីផ្សារឧបករណ៍និស្សន្ទទាំងមូល»

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិលើកទីមួយ នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ៕