(សៀមរាប)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីបំភ្លឺ ករណីកម្លាំងចម្រុះចុះចាក់សោរថយន្ដ នៅស្ថានីយ៍ប្រេងមួយកន្លែង ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបរាប់ដូចខាងក្រោម៖

*ទី១៖ ជាសកម្មភាពក្រុមចម្រុះ ចុះអនុវត្តតាមសេចក្ដីណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តលេខ ០០១.១៩ ស ណន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ ស្ដីពីការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ និងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន អនាម័យនៅក្នុងក្រុងសៀមរាប ដែលដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

*ទី២៖ បុរសស្លៀកពាក់ឯកសណ្ឋាននគរបាល មិនមែនជាមន្ត្រីក្របខណ្ឌនគរបាលជាតិ នោះទេ គាត់ជាប្រជាការពារឈ្មោះ ជាន ស្លា អត្តលេខ០០៧៥ ដែលស្ម័គ្រចិត្តចូលរួមសហការ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត-ក្រុងសៀមរាប។

*ទី៣៖ កន្លងមកកម្លាំងអនុវត្តច្បាប់ពិនិត្យឃើញថា ក្រុមរថយន្តតាក់ស៊ីមួយចំនួនតូច គឺពួកគាត់ពុំព្រមចូលចាប់ ភ្ញៀវ និងដាក់វនៅក្នុងបេនតាមការណែនាំ របស់អាជ្ញាធរខេត្តឡើយ ពួកគាត់តែងតែយកកន្លែងស្ថានីយប្រេង ឬភោជនីយដ្ឋាន និងទីតាំងជួសជុលរថយន្ត ធ្វើជាជម្រកដើម្បីជាលេស ក្នុងការចាប់ម៉ូយនៅតាមដងផ្លូវដែលធ្វើឲ្យមានភាពរញ៉េរញ៉ៃ និងបាត់បង់សណ្ដាប់សាធារណៈ ក៏ដូចជាសោភណ្ឌភាពក្រុងសៀមរាប មានពេលខ្លះធ្វើឲ្យបាត់សម្ភាររបស់ភ្ញៀវទៀតផង។

*ទី៤៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមការយោគយល់អធ្យាស្រ័យខ្ពស់ ពីសាធារណជន និងបណ្ដាញសង្គមដែលខ្វះការត្រួតពិនិត្យ ចំពោះប្រជាការពាររូបនោះ ក្នុងការប្រើប្រាស់ឯកសណ្ឋាននគរបាល ក្នុងកិច្ចសហប្រតិបត្តិការចុះអនុវត្តភារកិច្ច។

ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប នឹងពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំង នគរបាលជាតិ ធ្វើការអប់រំណែនាំ និងឈានដល់អនុវត្តច្បាប់ ចំពោះមន្ត្រីដែលអនុវត្តខុសតាមទម្ងន់ទោសជាក់ស្តែង៕