(ភ្នំពេញ)៖ ក្មេងស្រី២នាក់ បានលង់ទឹកស្រះ ស្លាប់យ៉ាងអណោចអធ័ម ក្រោយពីពួកគេ ទៅជាមួយជីដូនមកស្រែ ដើម្បីដេញចាប់កុំឲ្យស៊ីស្រូវ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០៖១៧នាទី នៅចំនុចស្រះទឹកខាងត្បូង ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទី១៖ ឈ្មោះ សើ កែវរក្សា អាយុ៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងទី២៖ ឈ្មោះ វិទ្ធី វត្តី អាយុ១១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ដំណើររឿងនៅមុនពេលកើតហេតុ តាមការបំភ្លឺរបស់យាយបង្កើត៖

«នៅវេលាម៉ោង០៩៖៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គាត់បានទៅស្រែ ដើម្បីដោតតំរុយ ដេញចាបកុំឲ្យស៊ីស្រូវ ពេលនោះចៅខ្ញុំទាំងបី បានសុំខ្ញុំទៅស្រែជាមួយដែរ ដើម្បីជួយដេញចាប ពេលទៅដល់ស្រែ ហើយប្រហែលម៉ោង១១៖០០នាទី ចៅខ្ញុំទាំងបីនាក់ បានសុំខ្ញុំមកផ្ទះមុន ហើយខ្ញុំក៏បានឲ្យចៅទៅផ្ទះមុនចុះ។

ក្រោយមកប្រហែល១០នាទី ខ្ញុំបានឮសំលេងចៅប្រុសខ្ញុំ ឈ្មោះ លីន ធារិទ្ធ បានស្រែថា អ្នកណាក៏បានជួយផង លឿនឡើងបងប្អូនខ្ញុំលង់ទឹកហើយ ពេលនោះខ្ញុំ ឮហើយក៏ប្រញាប់ឡើងពីស្រែ រត់មករកចៅពេលមកដល់ចៅ បានលិចទឹកបាត់ហើយ ទឹកជ្រៅពេកខ្ញុំមិនហ៊ានចុះទៅស្រង់នោះទេ។

រួចខ្ញុំក៏បានស្រែក ឲ្យប្អូនប្រុសបង្កើតខ្ញុំ នៅស្រែជិតគ្នាមកជួយស្រង់ តែអ្នកបូមទឹកលក់មកដល់មុនហើយជូយស្រង់បាន បីបងមុនហើយប្អូនប្រុសខ្ញុំ មកដល់ស្រង់បាន១នាក់ទៀត ហើយក៏បានជួយធ្វើចលនា ប៉ុន្តែមិនកំរើកសោះ ហើយបានលើកដាក់ឡានដឹកទឹកយក ទៅមណ្ឌលសុខភាពស្រុកអង្គស្នូល ពេលទៅដល់ពេទ្យបានប្រាប់ថា ស្លាប់បាត់ទៅហើយ រួចក៏បានដឹកយកមកផ្ទះវិញ»។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕