(កណ្តាល)៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកក្បាលម៉ាស៊ីនដេរជាង២០គ្រឿងបានសម្រេច ត្រូវនគរបាលប៉ុស្តិ៍ឃុំពើក ធ្វើការចាប់ខ្លួន យកមកចាត់ការតាមផ្លូវច្បាប់។

ការចាប់ខ្លួនជនសង្ស័យ ក្នុងករណីលួចក្បាលម៉ាស៊ីនដេរ តាមការឲ្យដឹងពីលោក ថាច់ សុវណ្ណា ប្រធានផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋានស្រុកអង្គស្នួល, ហេតុការណ៍ បានកើតឡើងនៅយប់ វេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ថេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងផ្សារដែក នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកវីវ៉ាសេរី២០០៩ ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ១AG,២៤២១ ,ក្បាលម៉ាស៊ីនដេរ ចំនួន២៣គ្រឿង និងទូរស័ព្ទ ViVo ពណ៌ខ្មៅ ១គ្រឿង។

លោក ថាច់ សុវណ្ណា បានឲ្យដឹងទៀតថា សភាពនៃរឿងហេតុ នៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានថា មានជនសង្ស័យចូលលួចក្បាលម៉ាស៊ីនដេរ នៅមណ្ឌលកាត់ដេរទុកចោលមួយកន្លែង ស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទើបចុះទៅឃើញជនសង្ស័យ កំពុងជិះម៉ូតូចេញហើយឃាត់ ទើបរកឃើញក្បាលម៉ាស៊ីនដេរចំនួន២៣។

លោក ថាច់ សុវណ្ណា បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនចូលលួចក្បាលម៉ាស៊ីនដេរ ដោយគាស់បង្អួចពីខាងក្រោយ ចូលទៅលួចបានចំនួន២លើក នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕