(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន, កម្ពុជាអាចគ្រប់គ្រងសភាពការណ៍កូវីដ-១៩បានល្អ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់ខាងផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់។

ការគូសបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលរៀបចំឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃ, ប៉ិនប្រសប់, ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី, កម្ពុជាអាចគ្រប់គ្រងសភាពការណ៍បានល្អ និងបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននេះ ឲ្យស្ថិតនៅក្នុងរង្វង់ដែលអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញ នូវវិធានការចាំបាច់ ខាងផ្នែកសង្គម-សេដ្ឋកិច្ច ជាបន្តបន្ទាប់»

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ទៀតថា នៅក្នុងក្របខណ្ឌនេះ, សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់ជាពិសេស ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។

ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាអំពីលទ្ធភាព និង យន្តការសំដៅជួយសម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋ ដែលជាលទ្ធផល បានរចនាដាក់ចេញនូវកម្មវិធីជំនួយសង្គមថ្មីមួយ គឺ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» ដែលជាកម្មវត្ថុនៃការប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនាថ្ងៃនេះ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា កម្មវិធីនេះ អាចដាក់ឲ្យដំណើរការទៅបាន គឺដោយសារសមិទ្ធផលល្អប្រសើរនៃការងារ កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាល ពិសេស គឺដោយសារលទ្ធផល ដ៏ល្អគួរឲ្យកត់សម្គាល់ និងគួរជាទីមោទនភាព នៅក្នុងការប្រមូលចំណូលថវិការដ្ឋ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។

លើសពីនោះទៀត គួបផ្សំជាមួយនឹងការចាត់ចែងដោយមធ្យ័ត, វិន័យហ្មឹងម៉ាត់ និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវចំណាយសាធារណៈរបស់រដ្ឋ, ទាំងក្នុងទិដ្ឋភាព វិភាជន៍ ទាំងក្នុង ទិដ្ឋភាពប្រតិបត្តិការ, រួមទាំងការដាក់ចេញយ៉ាងទាន់ពេល និង ប្រកបដោយភាពរស់រវើក នូវវិធានការធ្វើវិចារណកម្មចំណាយរបស់ក្រសួង-ស្ថាប័នរដ្ឋ នៅអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ នេះផង។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងផងដែរថា ជាការពិត, កត្តាដ៏សំខាន់ និង ចាំបាច់បំផុតមួយ ដើម្បីធានាបាននូវភាពជោគជ័យនៃ ការដាក់ឲ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ គឺ «ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ» ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ធានាថា «ពលរដ្ឋក្រីក្រពិតប្រាកដ នឹងទទួលបាន អត្ថប្រយោជន៍ពិតប្រាកដ» ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ដទៀតថា ផ្អែកលើរចនាសម្ព័ន្ធការងារដែល មានស្រាប់, ក្រុមការងារអន្តរក្រសួង បានសម្រេចប្រើប្រាស់ ប្រព័ន្ធកំណត់អត្តសញ្ញាណគ្រួសារ ក្រីក្ររបស់ក្រសួងផែនការ ជាយន្តការសម្រាប់ការកំណត់អត្តសញ្ញាណអ្នកទទួលផល។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ដថា លើមូលដ្ឋាននេះ, ក្រសួងផែនការ បានដឹកនាំធ្វើបច្ចុប្បន្នភាពជាបន្ទាន់ លើទិន្នន័យដែលមានស្រាប់ ក្នុងគោលបំណង កាត់បន្ថយ ជាអតិបរមានូវភាពខ្វះចន្លោះនានា, ជាពិសេស គឺការកំណត់ឲ្យបានច្បាស់លាស់នូវ «ក្រុមគ្រួសារក្រីក្រពិតប្រាកដ» ដែលមិនទទួលបានបណ្ណសមធម៌ ទៅតាម គោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

បើតាមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃការធ្វើបច្ចុប្បន្នភាព ក្នុងជុំទី១, យើងមានប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ «ក្រ-១» ចំនួន ២១១,៧៤៦គ្រួសារ និង «ក្រ-២» ចំនួន ៣៥០,៩៤០គ្រួសារ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងទៀតថា ក្រៅពីកម្រិតនៃភាពក្រីក្រ ដែលជាមូលដ្ឋានសម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភ, ក្រុមការងារ ចំពោះកិច្ច ក៏បានស្នើឲ្យមានការគិតគូរបន្ថែម អំពីកត្តាសមធម៌ ដោយពិនិត្យមើលលើភាពងាយ រងគ្រោះរបស់គ្រួសារនីមួយៗ ក្នុងនោះរួមមាន៖ កុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ព្រមជាមួយនឹងការគិតគូរ បែងចែកតាមតំបន់ (រាជធានី-ទីក្រុង និងជនបទ) ដើម្បីឆ្លើយតប ទៅនឹងភាពខុសគ្នានៃថ្លៃ ទំនិញរវាងតំបន់នីមួយៗ ។

រីឯការបើកផ្តល់ប្រាក់ឧបត្ថម្ភ គឺនឹងត្រូវបានធ្វើឡើងដោយប្រើ- ប្រាស់យន្តការ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងការបើកផ្តល់ នៅក្នុងកម្មវិធីឧបត្ថម្ភសាច់ជូនស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុក្រោម២ឆ្នាំ ដោយបែង-ចែកយ៉ាងច្បាស់លាស់ នូវការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធនីមួយៗ ដើម្បីធានាបាននូវប្រតិតុល្យការ។ ជារួម, ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងកម្មវិធីនេះ មានដូចខាងក្រោម៖

១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ

* សម្រាប់បណ្ណ «ក្រ-១»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន១២០,០០០រៀល បូកបន្ថែម ៥២,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤០,០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុ ចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* សម្រាប់បណ្ណ «ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២០,០០០រៀល បូកបន្ថែម ៣៦,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨,០០០រៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

* សម្រាប់បណ្ណ «ក្រ-១»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២០,០០០រៀល បូកបន្ថែម ៤០,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤០,០០០រៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* សម្រាប់បណ្ណ «ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន១២០,០០០រៀល បូកបន្ថែម២៨,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨,០០០រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

៣៖ តំបន់ជនបទ

* សម្រាប់បណ្ណ «ក្រ-១»៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ៨០,០០០រៀល បូកបន្ថែម ២៤,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤,០០០រៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* សម្រាប់បណ្ណ «ក្រ-២»៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ៨០,០០០រៀល បូកបន្ថែម១៦,០០០រៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦,០០០រៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍៕