(ភ្នំពេញ)៖ ការិយាល័យភូមិបាលខណ្ឌកំបូល បានចុះរៀបចំបិទផ្សាយជាសាធារណៈលទ្ធផលនៃការធ្វើតំបន់វិនិច្ឆ័យរួច ដើម្បីឲ្យប្រជាពលរដ្ឋអញ្ជើញមកធ្វើការពិនិត្យទិន្ន័យក្បាលដី ដែលបានវិនិច្ឆ័យរួច នៅភូមិចំនួន៣ ដូចជាភូមិគោកខ្សាច់, ភូមិតាំងរនាម និងភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សកម្មភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងវត្តគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្មសំណង់ និងភូមិបាលខណ្ឌ បានប្រាប់ឲ្យដឹងថា ប្រធានមន្ទីរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យបិទផ្សាយដោយមិនឲ្យមានពិធីជួបជុំនោះទេ គឺផ្សព្វផ្សាយតាមទូរទស្សន៍ តាមបណ្តាញសង្គម តាមឃោសនស័ព្ទតាមភូមិ ហើយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឲ្យអញ្ជើញមកពិនិត្យទិន្នន័យក្បាលដី ដែលបានវិនិច្ឆ័យរួចចំពោះភូមិទាំង ៣ខាងលើនេះ ដើម្បីពិនិត្យបើឃើញមានការខុសឆ្គង ឬត្រូវកែតម្រូវ និងបើសិនជាមានការយល់ព្រមថាត្រឹមត្រូវ។ រយៈពេលបិទប្រកាសនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមិថុនារហូត និងត្រូវបានបញ្ចប់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក ប៉ុក បញ្ញាធិ បានបន្តទៀតថា «នេះជាការបិទផ្សាយលើកដំបូង ហើយបន្ទាប់ពីបិទផ្សាយទិន្ន័យចំនួន៣ភូមិនេះរួច យើងនឹងត្រៀមធ្វើការបិទផ្សាយចំនួន៣ភូមិទៀត។ រយៈ១ខែជាងនេះ យើងនឹងត្រូវបញ្ចប់៣ភូមិទៀត និងឈានដល់ការបញ្ចប់នៅការវាស់វែងនៅសង្កាត់ប្រទះឡាងនេះ ទាំងមូលតែម្តង»

លោក ប៉ុក បញ្ញាធិ បានបន្ថែមថា ការចុះបញ្ជីដីធ្លីនេះ មន្ត្រីជំនាញក្រុមវាលទី៧ នៃកម្មវិធីអនុវិស័យរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តន៍ការងារចុះបញ្ជីដីធ្លី ស្ថិតនៅភូមិគោកខ្សាច់, ភូមិតាំងរនាម និងភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានលទ្ធផលដូចខាងក្រោម៖ ដូចជាការកំណត់ព្រំទាំង៣ភូមិនេះ បាន១៤០១ក្បាលដី វិនិច្ឆ័យចំនួនសរុបទាំង៣ភូមិនេះ បានចំនួន១០៧៩ក្បាលដី និងមិនទាន់វិនិច្ឆ័យ៣២២ក្បាលដី។ ចំណែកបញ្ហាទំនាស់ មិនមាននោះឡើយ ដោយសម្រេចបានលទ្ធផលសរុបនេះស្មើនឹង៧៧% ហើយបញ្ហដែលប្រជាពលរដ្ឋមិនបានមកចូលរួម ដោយសារអាជ្ញាធរ មិនទទួលបានព័ត៌មានគ្រប់គ្រាន់ពីពួកគាត់ ស្មើនឹង២៣%។

លោកប្រធានភូមិបាលខណ្ខកំបូល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងភូមិគោកខ្សាច់, ភូមិគោកមាស និងភូមិតាំងរនាម និងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងក្បាលដី ដែលស្ថិតនៅក្នុងតំបន់វិនិច្ឆ័យខាងលើនេះ សូមមេត្តាចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុងឯកសារវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្ន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២០នេះ។

ជាមួយជានេះ លោក ប៉ុក បញ្ញាធិ បានអំពាវនាវដល់ប្រជាពលរដ្ឋថា រយៈពេលមកពិនិត្យនេះ មានរយៈពេល១៥ថ្ងៃ សូមចេះការពារខ្លួនពីជំងឺកូវីដ-19 ឲ្យបានគ្រប់ៗគ្នា៕