(ព្រះវិហារ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ រួមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា ស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេងស្ថិត ក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំ ស្ថិតក្នុងឃុំរក្សា ស្រុករវៀង។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមធ្វើការសាងសង់ កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះ សម្រេចការងារសាងសង់ បានប្រមាណ៤១.៥ភាគរយហើយ។

ទំហំគម្រោងអភិវឌ្ឍន៍អាងទឹករក្សានេះ រួមមាន៖

* សាងសង់ទំនប់បេតុង មានប្រវែង ៥០ម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ កម្ពស់អតិបរិមា ២៤.៥ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកសរុបចំនួន៣កន្លែង ដោយទ្វារទឹកនីមួយៗ មានទំហំ ៤ម៉ែត្រ គុណ៤ម៉ែត្រ
* ទំនប់ដី (ខាងឆ្វេង) មានប្រវែង ៩៩៨.៧ម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ កម្ពស់អតិបរិមា ១១ម៉ែត្រ
* ទំនប់ដី (ខាងស្តាំ) មានប្រវែង ១,៦៥៦.៤ម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ កម្ពស់អតិបរិមា ១១ម៉ែត្រ
* ទំនប់ដីរង មានប្រវែងសំណង់សរុប ៦៥៥ម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ កម្ពស់អតិបរិមា ៧ម៉ែត្រ
* សំណង់បង្ហៀ មានប្រវែងសំណង់សរុប ២៥១ម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ កម្ពស់អតិបរិមា ២៤.៥ម៉ែត្រ មានទ្វារទឹកសរុបចំនួន ២០កន្លែង ដោយទ្វារទឹកនីមួយៗ មានទំហំ ១០ម៉ែត្រ គុណ១៤.៥ម៉ែត្រ។

សូមបញ្ជាក់ថា បន្ទាប់ពីការសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦.៩លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ ១៤៣,៣២៣ហិកតា នៅរដូវវស្សា និងប្រមាណ ២២,៨៧៨ហិកតា នៅរដូវប្រាំង (ទំនប់អាងទឹករក្សា មានទីតាំង នៅក្នុងខេត្តព្រះវិហារ តែលទ្ធភាពនៃការស្រោចស្រពភាគច្រើន ស្ថិតនៅក្នុងខេត្តកំពង់ធំ)។

ទន្ទឹមនឹងនេះ ទំនប់អាងទឹករក្សាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយនូវគ្រោះទឹកជំនន់ និងការផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួន នៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យជាក់ស្តែងនេះ លោករដ្ឋមន្ត្រី លឹម គានហោ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោងមន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានណែនាំបន្ថែមលើការងារ ដែលត្រូវអនុវត្តបន្ត ដើម្បីធានាគុណភាពសំណង់ មានភាពរឹងមាំយូរអង្វែង សម្រាប់បម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សានេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែលកើតឡើងក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព៕