(ភ្នំពេញ)៖ ការផ្តល់ឈាមស្មើនឹងការជួយសង្គ្រោះជីវិតមនុស្ស នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានបរិច្ឆាគឈាមដោយស្ម័គ្រចិត្ដ ដើម្បីជួយសង្រ្គោះដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

នេះលើកទី៤ហើយ ដែលគណៈគ្រប់គ្រង និងបុគ្គលិករបស់ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានផ្ដល់អំណោយឈាម ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ សម្រាប់ត្រៀមសង្គ្រោះជីវិតមនុស្ស។

ការផ្ដល់ឈាមលើកនេះ បានស្របនឹងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម កំពុងតែឈានដល់ដំណាក់កាលមួយដ៏លំបាក ដោយគ្មានឈាមស្ដុកទុក សម្រាប់សង្គ្រោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ ខណៈអ្នកជំងឺក្នុងមួយថ្ងៃ ត្រូវការឈាមយ៉ាងតិចណាស់២៧០ប្លោក ដើម្បីសង្គ្រោះជីវិត។

តាមការបញ្ជាក់កន្លងមក របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា គិតត្រឹម៥ខែដើមឆ្នាំ២០២០នេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលបានឈាមចំនួន២៧,០០០ប្លោក ដែលបានមកពីក្រុមគ្រួសារអ្នកជំងឺស្ទើរតែទំាងអស់ សម្រាប់អ្នកស្ម័គ្រចិត្ដប្រមាណ២០០កំប្លោកតែប៉ុណ្ណោះ។
ដោយសារវិបត្ដិនៃជំងឺកូវីដ១៩ មិនអាចប្រារព្ធកម្មវិធីធំបាននោះទេ ដែលធ្វើឱ្យអ្នកស្ម័គ្រចិត្ដផ្ដល់ឈាម ក៏មានធ្លាក់ចុះច្រើន ប្រៀបធៀបទៅនឹងឆ្នាំមុនៗ។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលស្ម័គ្រចិត្ដក្នុងការចូលរួមបរិច្ចាគឈាម ដែលជាអំណោយមួយដ៏ល្អបំផុត អាចសង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា ដែលត្រូវការឈាមជាចាំបាច់។

លើសពីនោះ លោកក៏បានអំពាវនាវដល់យុវជនស្ម័គ្រចិត្ដ ដែលធ្លាប់តែផ្ដល់ឈាមជូនមជ្ឈមណ្ឌល សូមអញ្ជើញបន្ដមកផ្ដល់ឈាម និងសំណូមពរដល់សាធារណៈជន ចូលរួមឱ្យបានច្រើន ដើម្បីសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមជាចាំបាច់ ជាពិសេសដល់អ្នកជំងឺដែលគ្មានបងប្អូន និងត្រូវការឈាមជារៀងរាងខែ ដើម្បីសង្គ្រោះជីវិត៕