(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវង់តន្ត្រីខ្មែរ លើវិញ្ញាសារការប្រកួតវង់ភ្លេងការបុរាណ និងវង់ភ្លេងការសម័យកណ្តាល វគ្គផ្តាច់ព្រ័ត្រ ដែលនឹងរៀបចំឡើងនៅស្ទូឌីយូបាយ័នស្ទឹងមានជ័យ និងដោយមានការចូលរួមពីក្រុមវង់ភ្លេងការជាច្រើនក្រុម។

កម្មវិធីវង់តន្ត្រីខ្មែរនេះ ចាប់ផ្តើមបើកការប្រកួតតាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយមានជាច្រើនដំណាក់កាលដូចជា៖ ដំណាក់កាលផ្សព្វផ្សាយ និងដាក់ពាក្យចូលរួមប្រកួត, ការវាយតម្លៃជម្រុះលើកទី១ តាមរយៈវីដេអូដំបូងរបស់ក្រុមបេក្ខភាព, វគ្គតម្រង់ទិស, ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមការវាយតម្លៃដោយគណៈកម្មការសាស្ត្រាចារ្យមេប្រយោគ, វគ្គជម្រុះចុងក្រោយដោយការឆ្នោតពីសំណាក់អ្នកគាំទ្រ និងមហាជនតាមរយៈវីដេអូប្រកួតលើកទី២ របស់ក្រុមប្រកួតលើទំព័រហ្វេសបុកផ្លូវការរបស់ ស.ស.យ.ក ខេត្តស្វាយរៀង បូកជាមួយពិន្ទុពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ, វគ្គប្រកួតផ្តាច់ព្រ័ត្រដើម្បីស្វែងរកជ័យលាភីលេខ១ លេខ២ និងលេខ៣ នៃទម្រង់វង់ភ្លេងនីមួយៗទាំងពីរ។

កម្មវិធី «វង់តន្ត្រីខ្មែរ» រដូវកាលទី០១នេះ បានធ្វើឡើងក្រោមវិញ្ញាសាការប្រកួតវង់ភ្លេងការបុរាណខ្មែរ និងភ្លេងការសម័យកណ្ដាលខ្មែរ ដែលផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមាន លោក ឌី វិជ្ជាជាប្រធាន និងមានការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមមិត្តតន្រ្តីករ និងការចូលរួមផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍ BTV។

កម្មវិធីវង់តន្ត្រីខ្មែរនេះ រៀបចំឡើង ក្នុងគោលបំណង៖ ចូលរួមលើកកម្ពស់ការថែរក្សាការពារសិល្បៈ ទំលៀមទម្លាប់ ប្រពៃណីវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរ ទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ និងបរទេសបានស្គាល់ឱ្យបានច្រើន។

ជាមួយគ្នានេះផងដែរ កម្មវីធីវង់តន្ត្រីខ្មែរនេះ ក៏បានលើកតម្លៃ និងសម្រស់នៃឧបករណ៍បុរាណ និងសំលៀកបំពាក់ប្រពៃណីខ្មែរ ដោយតម្រូវឱ្យបេក្ខភាពចូលរួមប្រកួត រៀបចំខ្លួនស្លៀកពាក់ទៅតាមទម្រង់ ស្រស់ស្អាតតាមបែបប្រពៃណីបុរាណខ្មែរ ក្នុងអំឡុងពេលប្រគំក្នុងការប្រកួត ហើយក្រុមបេក្ខភាពចូលរួមប្រកួតគឺត្រូវវាយតម្លៃដោយ គណៈកម្មការសាស្ត្រាចារ្យមេប្រយោគ ដែលពីពោរពេញដោយបទពិសោធន៍ក្នុងវិស័យសិល្បៈបុរាណខ្មែរ។

សូមបញ្ជាក់ថា៖ ក្រុមបេក្ខជនប្រកួត ក្នុងទម្រង់វង់ភ្លេងការបុរាណខ្មែរ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ គឺមានក្រុមកេរមរតកដូន តាមកពីរាជធានីភ្នំពេញ ក្រុមមន្ទីរវប្បធម៌ខេត្តព្រៃវែងមកពីខេត្តព្រៃវែង និងក្រុមវង់តន្ត្រីកោះកេរ្តិ៍មកពីខេត្តកណ្ដាល ហើយសម្រាប់ទម្រង់វង់ភ្លេងការសម័យកណ្ដាលខ្មែរ ដែលមាន៣ក្រុមបេក្ខជនប្រកួតដូចជា ក្រុមគ្រូនាដមកពីខេត្តស្វាយរៀង ក្រុមមរតកតន្ត្រីវ័យក្មេងមកពីរាជធានីភ្នំពេញ និង ក្រុមប៊ុនថែនប្រពៃណ៏មកពីខេត្តសៀមរាប៕