(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញប្រតិកម្មចំពោះអ្នកវិភាគមួយរូប ដែលបានរិះគន់លើការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកក្នុងជីវភាព អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩។

ថ្លែងប្រតិកម្មក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា បណ្ឌិតរូបនេះមិនចេះអ្វីទាំងអស់ ហើយមានឈ្មោះជាបណ្ឌិតដោយគាត់បានប្រើពាក្យថា “១៨០០០រៀល” យកទៅធ្វើអ្វីកើត? ប៉ុន្តែបើទោះបីជា១៨០០០រៀល ក៏ដោយចុះ ខ្ញុំគិតថា វាប្រសើរជាងអត់ ហើយបើប្រជាពលរដ្ឋយល់ឃើញថាវាតិចពេក មិនចង់យកក៏ហីទៅចុះ រាជរដ្ឋាភិបាលកាន់តែអរដោយសារប្រជាពលរដ្ឋប្រឹងប្រែងដោយខ្លួនឯងដោយមិនពឹកពាក់រាជរដ្ឋាភិបាល»

ទោះបីជាមិនបាននិយាយចំឈ្មោះអ្នកវិភាគរូបនោះ ប៉ុន្តែប្រតិកម្មរបស់សម្តេចតេជោនាពេលនេះបានធ្វើឡើងបន្ទាប់ពី លោកបណ្ឌិត មាស នី អ្នកវិភាគ និង​ស្រាវជ្រាវ​​ការអភិវឌ្ឍ​សង្គម បានប្រាប់វិទ្យុបារាំងកាលពីកាលពីពេលថ្មីៗនេះថា ការផ្តល់ថវិការបស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋដែលជួបការខ្វះខាតនេះ មានចំនួនតិចតួចណាស់។

លោក មាស នី បានលើកឡើងដូច្នេះថា៖ «ខ្ញុំមើលទៅថវិកានេះតិចតួចណាស់ មិនជាច្រើនប៉ុន្មានទេ គ្រាន់តែថាច្រើនជាងអត់ បើថាឱ្យយកទៅសម្រាប់បំពេញតម្រូវការអីហ្នឹង ខ្ញុំគិតថាម្នាក់១៦០០០រៀលក្នុង១ខែ តើក្នុង១ថ្ងៃចាយប៉ុន្មានរៀល នេះគ្រាន់តែផ្សំគ្នាទេ ​តែបើថាឱ្យយកទៅចិញ្ចឹមគឺមិនកើតទេ តែខ្ញុំមើលទៅគឺការចែកនេះគ្រាន់បើជាងអត់»

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលថវិកានេះ ត្រូវបានបែងចែង និងផ្តល់ដូចតទៅ៖

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ 

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ

* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា «សម្រាប់អ្នកវិភាគមួយចំនួនគេថាតិចណាស់ ខ្ញុំសូមស្នើថា បើអ្នកមានគ្រួសារអ្នកគួរតែប្រាប់គ្រួសាររបស់អ្នកថា កុំយកអី តិចតួចណាស់ រដ្ឋាភិបាលសូមអរគុណបើអ្នកនិយាយយ៉ាងដូច្នេះ ព្រោះរាជរដ្ឋាភិបាលមានបន្ទុកសម្រាប់ការកសាងប្រទេស មនុស្សច្រើនណាស់ យើងកំពុងតែបន្តជួយចំពោះក្រុមគ្រួសារទាំងឡាយ»

«នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រជាជន ពេលកូវីដដែលមានផលប៉ះពាល់ទៅដល់ជីវភាពប្រជាជន។ ប៉ុន្តែសូមបញ្ជាក់ថា នេះជាជំនួយឧបត្ថម្ភមិនមែនជាការចិញ្ចឹមទេ ប្រជាពលរដ្ឋរបស់យើងមានលទ្ធភាពទៅធ្វើការកម្មករ ទៅដាំដុះ ធ្វើនេះធ្វើនោះដើម្បីបង្កបង្កើនផល តែយ៉ាងណាគ្រាន់បើជាងអត់»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

បើតាមសម្តេចតេជោ ហ៊ុន សែន រហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង៕