(បាត់ដំបង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០នេះ អត្រាជនរងគ្រោះ ដោយសារមីន និងគ្រាប់ មានចំនួន៣៦នាក់ ដែលតួលេខនេះ បង្ហាញពីការថយចុះ៤២% ប្រៀបធៀបជាមួយនឹងឆមាសទី១ ឆ្នាំ២០១៩ ដែលមានជនរងគ្រោះដោយសារមីន និងគ្រាប់ ចំនួន៦២នាក់។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងមានសម្ដេចតេជោ នាយករដ្ឋមន្ដ្រី អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងតំឡើងផ្ទាំងប៉ាណូ ផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន រដ្ឋបាលខេត្តបាត់ដំបង និងមូលនិធិ Sir Bobby Charlton នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ។

ពិធីនេះ មានការអញ្ជើញចូលរួម លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង តំណាងលោកអភិបាលខេត្ត លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា ថ្នាក់ដឹកនាំអាជ្ញាធរមីន មន្ទីរវិស័យពាក់ព័ន្ធ រដ្ឋបាលស្រុកសំឡូត កងកម្លាំងប្រដាប់អាវុធ និងប្រតិបត្តិករដោះមីន CMAC, Halo Trust។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងនឹករលឹកជាទីបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ជូនបងប្អូនប្រជាពលរដ្ឋស្រុកសំឡូតទាំងអស់ ព្រមទាំងបានក្រើនរំលឹកបន្ថែមទៀត នូវការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកសំឡូតទាំងមូល ដែលបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សា និងគាំពារដល់សន្តិភាពជូនដល់ប្រទេសជាតិ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដើម្បីបញ្ចប់សង្រ្គាម នៅចុងឆ្នាំ១៩៩៨ នៅទូទាំងប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់អំពីមូលហេតុ នៃការលើកផ្ទាំងប៉ាណូអប់រំយល់ដឹងអំពីមីន/គ្រាប់នៅស្រុកសំឡូតនេះ គឺដោយសារអត្រាជនរងគ្រោះដោយសារមីន/គ្រាប់នៅឆមាសទី១ ឆ្នាំ២០២០ ស្រុកសំឡូតមានអត្រាជនរងគ្រោះខ្ពស់ជាងគេ គឺមានចំនួន១១នាក់ ស្មើនឹង៣១% នៃជនរងគ្រោះទូទាំងប្រទេស មានចំនួន៣៦នាក់។

ឆ្លៀតក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton ដែលបានជួយផលិតផ្ទាំងបាណូអប់រំគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីលើកកម្ពស់ការយល់ដឹង និងបង្ការគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋមូលដ្ឋាន។

លោកស្រី ប៊ុត រតនា នាយិកាមូលនិធិប្រចាំកម្ពុជា បានបញ្ជាក់ថា មូលនិធិ Sir Bobby Charlton បានទទួលស្គាល់ថា ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវការពេលជាច្រើនទសវត្ស បន្ទាប់ពីបញ្ចប់សង្គ្រាម ចាំបាច់ប្រជាជនបន្តការយល់ដឹងអំពីការគម្រាមកំហែងដោយសារមីន និងគ្រាប់ទាំងនេះ ដែលជាមូលហេតុមូលនិធិ សហការជាមួយអាជ្ញាធរមីន ក្នុងការតម្លើងផ្ទាំងប៉ាណូអប់រំការយល់ដឹងពីមីន ដើម្បីជាការក្រើនរំលឹក និងផ្ញើសារប្រកបដោយសុវត្ថិភាព និងជៀសវាងការគ្រោះថ្នាក់ទាំងនេះ។

ជាមួយគ្នានេះ លោក Bobby Charlton បានផ្ញើសារជូនប្រជាពលរដ្ឋ ក្នុងស្រុកសំឡូត តាមរយៈលោកស្រី ប៊ុត រតនា ថា «ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលមូលនិធិរបស់ខ្ញុំ បានសហការជាមួយអាជ្ញាធរមីន ដើម្បីចូលរួមគាំទ្រប្រជាជននៅស្រុកសំឡូត និងធ្វើឲ្យតំបន់ដ៏ស្រស់ស្អាតនេះ មានសុវត្ថិភាព»