(ភ្នំពេញ)៖ លោក ហ៊ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) បានថ្លែងថា បច្ចុប្បន្ននេះក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ បាននិងកំពុងរៀបចំសំណើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតបើកឡើងវិញនូវរោងជាង, មន្ទីរពិសោធន៍ តាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ។

លោកបញ្ជាក់ថា ការស្នើសុំបើកដំណើរការឡើងវិញនេះ ដោយរក្សាគម្លាតសង្គម អនាម័យ និងប្រកាន់ខ្ជាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល។

ថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាស «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក ហ៊ីង ស៊ីដេត បានបញ្ជាក់ថា ការស្នើសុំរបស់ក្រសួងនេះ ធ្វើឡើងក្រោមហេតុផងថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្តោតសំខាន់លើ ការអនុវត្តជាក់ស្តែង ហើយជំនាញនេះទទួលបាន តាមរយៈការអនុវត្តជាក់ស្តែងតាមរោងជាង ឬបន្ទប់ពិសោធន៍។

លោកបានបន្ដថា «មួយវិញទៀតស្ថានភាពបច្ចុប្បន្ននេះ សិក្ខាកាម សិស្ស-និស្សិត ដែលសិក្សាតាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានចំនួនតិចតួច ដែលបង្កលក្ខណៈងាយស្រួល ក្នុងការរៀបចំគម្លាតសង្គម និងអនាម័យក្នុងកំឡុងពេលដែល ពួកគេអនុវត្តការងារជាក់ស្តែងតាមរោងជាង មន្ទីរពិសោធន៍ បន្ទប់ពិសោធន៍ ធ្វើតេស្តបញ្ជាក់សមត្ថភាព និងការប្រឡងបញ្ចប់ ខុសប្លែកពីសាលាចំណេះទូទៅ ដែលមានចំនួនសិស្សច្រើន»

លោកបញ្ជាក់ថា ប៉ុន្ដែទោះបីជាយ៉ាងណាក្ដី សម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ត្រូវបានដាក់ឱ្យអនុវត្តការសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញផងដែរ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តដាក់ឱ្យដំណើរការការបណ្តុះបណ្តាលតាមប្រព័ន្ធ បណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញ (សិក្សាផ្នែកទ្រឹស្តី) និងចំពោះការអនុវត្តជាក់ស្តែង ក្រសួង នឹងស្នើសុំប្រមុខរាជរដ្ឋាភិបាល សុំគោលការណ៍អនុញ្ញាត បើកដំណើរការឡើងវិញ។

លោកបានបញ្ជាក់ថា ក្រសួងក៏បាន និងកំពុងរៀបចំ និងសិក្សាស្រាវជ្រាវ ដើម្បីបង្កើត App Platform រួមមួយ សម្រាប់ធ្វើការបណ្តុះបណ្តាលពីចម្ងាយ ឬតាមអនឡាញ។ ស្ថានភាពនេះជាការគិតគូរយូរអង្វែង មិនមែនធ្វើតែក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺកូវីដ១៩ឡើយ៕