(សៀមរាប)៖ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ តំណាងគណៈអភិបាលខេត្ត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០នេះ បានអញ្ជើញចុះពិនិត្យអណ្តូងទឹកស្អាត និងសកម្មភាពខួងអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់នៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងនៅភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន។

គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងត្រូវធ្វើការខួងអណ្តូងស្នប់ចំនួន៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន១២ ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មចំនួន៤២ស្រះ នៅក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដោយក្រុមហ៊ុន China Jiangxi International Economic and Technical Cooperation Co.,Ltd.។

ដោយឡែកនៅក្នុងខេត្តសៀមរាប មានអណ្តូងសរុបទាំងអស់ចំនួន១០០ អណ្តូង និងស្រះសរុបចំនួន៧ស្រះ ក្នុងនោះស្រះសហគមន៍មានរៀបថ្មចំនួន៤ស្រះ និងស្រះសហគមន៍ធម្មតាចំនួន៣ស្រះ។ ជាលទ្ធផលចំពោះការជីកអណ្តូងបានចំនួន ៦៧ អណ្តូង និងការជីកស្រះសហគមន៍ទាំងអស់ សម្រេចបានលទ្ធផលប្រមាណ៩៥% ហើយ៕