(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ ជនបង្កបើករថយន្តលុចស៊ីស បុកប៉ូលិសចរាចរណ៍នៅរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យចំនួន៤បទល្មើស។ នេះបើតាមលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យស្ថាប័នអយ្យអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Frresh News ប្រចាំនៅតុលាការ។

សូមបញ្ជាក់ថា យុវជនម្នាក់ដែលបើករថយន្ត RX400h ពាក់ផ្លាកលេខក្លែងក្លាយត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ តាមស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។

ក្រុម ការងារ ព័ត៌មាន និង ប្រតិកម្ម រហ័ស នៃ ស្នងការ ដ្ឋា ន នគរ បាល រាជធានី ភ្នំ ពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនបង្កមាន ឈ្មោះ ពុធ មនោ រម្យ ដែល មិន បាន ស្តាប់ ការណែនាំ របស់ ប៉ូលិស ចរាចរ ណ៍ នៅ ម្តុំការដ្ឋា ន កំពុងសាងសង់ ផ្លូវ នៅ រង្វង់ មូលចោមចៅ និង បាន បើក រថយន្ត ក្នុង ល្បឿន លឿន ដែល បង្កឲ្យ មន្ត្រី ចរាចរ ណ៍ ម្នាក់ ដួល ។ ក្រោយ ធ្វើ ការស្រាវជ្រាវ និង ត្រួត ពិនិត្យ បាន បង្ហាញ ឲ្យ ឃើញ ថា ជនបង្កនេះ បាន ប្រើ ប្រាស់ ផ្លាកលេខមិន ត្រឹម ត្រូវ ដោយ យកផ្លាកលេខរថយន្ត ផ្សេង មកពាក់។

អ្នកនាំពាក្យតំណាងអយ្យការ បានបញ្ជាក់ថា លោក ឡុង ជាប ព្រះរាជអាជ្ញារង បានសម្រេចចោទប្រកាន់ជនបង្កចំនួន៤បទល្មើសរួមមាន៖

*ទី១៖ ហិង្សាដោយចេតនា
*ទី២៖ ប្រឆាំងនឹងការអនុវត្តការងារសាធារណ:
*ទី៣៖ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ
*ទី៤៖ ការប្រើប្រាស់ប័ណ្ណបើកបរ និងស្លាកលេខក្លែងក្លាយ។

បន្ទាប់ពីការចោទប្រកាន់ជនបង្ក និងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្ដនីតិវិធី៕