(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក កែ ប៊ុនខៀង ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

សូមបញ្ជាក់ថា លោក កែ ប៊ុនខៀង អតីតប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប៉ុន្តែកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ គណបក្សប្រជាជនកម្ពុជាបានតែងតាំងលោក ហ៊ុន ម៉ាណែត ជំនួសវិញ។

នៅជួរគណបក្សប្រជាជនកម្ពុជា លោក កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារទៅកាន់តួនាទីចាស់របស់លោកជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា។

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា សម្រាប់ក្រសួងមួយនេះ មានរដ្ឋលេខាធិការចំនួន១០រូប (បូកទាំងលោក កែ ប៊ុនខៀង) និងអនុរដ្ឋលេខាធិការ១៥រូប៕