(កំពង់ធំ)៖ បនល្បែងស៊ីសងដុះស្លែរចល័ត តែងតែធ្វើសកម្មភាពដោយរលូន និងផ្លាស់ទីតាមរដូវកាល បើទោះបីជាមានការហាមឃាត់ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលក្តី តែជនញៀនល្បែង នៅតែបន្តណាត់គ្នាលេងល្បែងស៊ីសង ដោយពុំមានការខ្លាចញញើតច្បាប់សូម្បីតែបន្តិច តែនៅទីបំផុតត្រូវអស់ល័ក្ខក្រោយកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបជាក់ស្តែង។

ករណីបនល្បែងស៊ីសង ដែលមានលក្ខណៈជាបនល្បែងចល័ត ត្រូវបានកៀគរប្រជាពលរដ្ឋក្នុងភូមិ និងក្រៅស្រុកឲ្យមកពពាក់ពពូន និងឈ្លក់វវង្វេងល្បែងស៊ីសងត្រូវបានលោក សាយ វាសនា ព្រះរាជាអាជ្ញារងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះបង្រ្កាបក្រោមការបញ្ជារបស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តចុះបង្រ្កាប កាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង។

ប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់ និងឃាត់ខ្លួនក្រុមញៀនល្បែងចំនួន ៤នាក់ គ្រាប់អាប៉ោង២ មាន់៣ក្បាល ម៉ូតូ១៥គ្រឿង សង្វៀនមាន់១។ ក្រោយពីបង្រ្កាប សមត្ថកិច្ចបានប្រមូលវត្ថុតាង នាំមករក្សាទុកនៅនៅកន្លែងសមត្ថកិច្ច ដើម្បីរងចាំឲ្យសាម៉ីខ្លួនចូលមកដោះស្រាយតាមនិតិវិធីច្បាប់។

លោក ស៊ិន វិរៈ បានកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់កិច្ចសហការការពារទប់ស្កាត់ និងចូលរួមអនុវត្តនូវគោលបយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ក្នុងនោះមានការលុបបំបាត់ល្បែងស៊ីសង គ្រប់ប្រភេទនៅតាមមូលដ្ឋាន ព្រោះល្បែងស៊ីសងជាឈ្នាន់មួយបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារចោរលួច ចោរប្លន់ បង្កអសន្តិសុខដល់សង្គមទៀតផង៕