(មណ្ឌលគិរី)៖ ឈើហ៊ុបមូល និងឈើឡាំងជាបួនជ្រុង ប្រភេទឈើលេខមួយ រាប់រយកំណាត់ដែលគេកាប់ អា រំលំនៅ ក្នុងដែនជំរក សត្វព្រៃភ្នំណាំលៀរក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះត្រូវជំនាញ រដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយ សមត្ថកិច្ចចំរុះស្រាវជ្រាវរកឃើញ ប្រមាណជា៤០០កំណាត់។ សហគមន៍ការពារព្រៃឈើ នៅឃុំប៊ូស្រា បានឱ្យដឹងថា ឈើខុសច្បាប់ ដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ គឺជាឈើរបស់លោក សារិន គឹមអាត មេបញ្ជាការយោធាស្រុកពេជ្រាដា ក្រោមការឃុបឃិតជាមួយ លោក រ័ត្ន សុវណ្ណ នាយកដែនជំរកសត្វព្រៃ ភ្នំណាំលៀរ និងលោក ឌឹម ប៊ុនធឿន នាយករងដែននេះផងដែរ ទើបបានជាមេយោធា រូបនេះ ហ៊ានបោះទុនអោយប្រជាពលរដ្ឋ ចូលព្រៃកាប់បានយ៉ាងរលូនបែបនេះ ដើម្បីយកមកលក់អោយខ្លួន។

ប្រជាសហគមន៍នៅក្នុងតំបន់នោះបានបន្តទៀតថា ស្របពេលដែលមានបទបញ្ជាពីសម្តេចតេជោ នាយករដ្ឋមន្រ្តីស្តីពីការទប់ស្កាត់ បទល្មើសព្រៃឈើ ហើយពួកគាត់មានចំងល់ថា ចុះបើព្រៃឈើហាមឃាត់ ក្នុងដែនជំរកសត្វព្រៃមានការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ បែបនេះ ក្នុងនោះមានការបណ្តែតបណ្តោយ ពីលោក រ័ត្ន សុវណ្ណ នាយកដែនជំរកសត្វព្រៃភ្នំណាំលៀរផងនោះ ទើបបណ្តោយឱ្យលោក សារិន គឹមអាត មេយោធាស្រុកពេជ្រាដា ដាក់ពង្រាយមនុស្សឱ្យចូលកាប់ អារ រំលំឈើ ដឹកជញ្ជូនឆ្លងដែនយកទៅលក់នៅប្រទេស វៀតណាម ដោយខុសច្បាប់គគ្រឹកគគ្រេង ពុំមានការរំខាននោះឡើយ ពួកគាត់បានលើកឡើងជាសំណួរថា តើមន្រ្តីអនុវត្តច្បាប់ ទូទាំងខេត្តនេះ បន្ទាប់ពីស្រាវជ្រាវរកឃើញថា មានអ្នកជាប់ពាក់ព័ន្ធពិតប្រាកដ ក្នុងរឿងបទល្មើសខាងលើហើយនោះ តើមន្រ្តីអនុវត្តច្បាប់ នៅខេត្តនេះមានសមត្ថភាពចាត់វិធានការដល់អ្នកជាប់ពាក់ព័ន្ធ ពិតប្រាកដដែរឬទេ?។ សហគមន៍ការពារព្រៃឈើបានធ្វើការសំណូមពរ ដល់លោក ឃិន ម៉េងស្រេង មេយោធាខេត្តឱ្យជួយ ស្រាវជ្រាវពិនិត្យមើលកូនចៅ របស់លោកផង។ លោក សារិន គឹមអាត មេយោធាស្រុកពេជ្រាដា រងការចោទប្រកាន់ខាងលើ នេះនៅពេលដែលអ្នកឆ្លើយឆ្លងព័ត៌មាន យើងសុំការបំភ្លឺជុំវិញករណីនេះ លោកបានប្រាប់ថាកំពុងជាប់រវល់ប្រជុំ។ លោក ឃិន ម៉េងស្រេង មេយោធាខេត្តនៅព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៧៖០៧នាទី លោកបានបញ្ជាក់ថាឈើនោះ លោកបានចាប់និងធ្វើការ ប្រមូលប្រគល់ឱ្យ ជំនាញអស់ ហើយ។

សូមបញ្ជាក់ថាលោក ឃិន ម៉េងស្រេង មេយោធាខេត្តមណ្ឌលគិរី នេះកន្លងមកក៏ធ្លាប់មានពាក់ព័ន្ធរឿង អាស្រូវរកស៊ីនាំឈើយកទៅលក់ នៅប្រទេសវៀតណាមផងដែរ តាំងពីលោកនៅជាមេបញ្ជាការរងម្ល៉េះ។ លោក វង់ សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី បានអះអាងថា ក្រុមការងាររបស់មន្រ្តី ជំនាញរបស់លោកកំពុងបន្តចុះស្រាវជ្រាវ រកបទល្មើសដើម្បីធ្វើការរឹបអូសវត្ថុតាង និងចាត់ការ តាមផ្លូវច្បាប់។ លោកនាយខណ្ឌបានបន្តទៀតថា ជាក់ស្តែងយុទ្ធនាការចុះបង្រ្កាបបទល្មើសព្រៃឈើ តាមបន្ទាត់ព្រំដែនក្នុង ស្រុកពេជ្រាដា និងស្រុកកែវសីមា ថ្មីៗនេះបាន រកឃើញខុសច្បាប់ចំនួន៦០០កំណាត់ ហើយជំនាញកំពុងធ្វើការប្រមូលមករក្សាទុក និងកំពុងបន្តធ្វើការស្រាវជ្រាវរកបទល្មើស ទីតាំងផ្សេងៗទៀត។

លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកឆ្លើយឆ្លង ព័ត៌មានយើងថាលោកកំពុង ជាប់រវល់ប្រជុំនៅភ្នំពេញ តែលោកបានចាត់ចែងឱ្យ មន្រ្តីរដ្ឋបាលព្រៃឈើខេត្ត ចាត់ការលើរឿងនេះហើយ៕