(សៀមរាប)៖ ប្រជាពលរដ្ឋ ៤៣គ្រួសារ ដែលមានបញ្ហាជីវភាពដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌ពីមន្ត្រីគណបក្សប្រជាជនកម្ពុជា និងសប្បុរសជន។

ពិធីចែកអំណោយជាស្បៀងអាហារនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក ភឹង ចិន្ដារ៉េត ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ជ្រាវ និងសប្បុរសជន ព្រមទាំងមានវត្តមានរបស់លោក ក្រោប រ៉ន ចៅសង្កាត់ជ្រាវ មេភូមិ និងតំណាងអាជ្ញាធរក្រុងផងដែរ។

លោក ភឹង ចិន្ដារ៉េត ក្នុងនាមជាក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ជ្រាវ និងក្នុងនាមសប្បុរសជន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានថ្លែងថា អំណោយទាំងនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ និងជាវប្បធម៌ចែលរំលែក ពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជន ជូនចំពោះប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ ពិសេសពេលមានទុក្ខលំបាក។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតមានឡើងនូវការចម្លងកូវីដ-១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដោយត្រូវបន្តអនុវត្តវិធាន ការការពារខ្លួនជាចាំបាច់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវអនុវត្តអនាម័យ រស់នៅស្អាត បរិភោគស្អាត លាងដៃញឹកញាប់នឹងសាប៊ូ ការពាក់ម៉ាស ការប្រើក្រមា ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អកកណ្ដាស់ និងត្រូវអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធាននានារបស់ក្រសួងសុខភិបាល។

សូមបញ្ជាក់ថា អំណោយទាន ដែលបានចែកជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត ទាំង៤៣គ្រួសារនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ និងថវិកា ២ម៉ឺនរៀល ដែលសរុបពីសប្បុរសជនទាំងអស់ ប្រមាណជិត ៨លានរៀល៕