(ឧត្តរមានជ័យ)៖ សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានរកឃើញថា ងាប់ក្នុងសភាពស្អុយរលួយ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ នេះបើតាមការថ្លែងឱ្យដឹងរពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០នេះ ហើយលោកបានដឹងទៀតថា ក្រុមការងារចម្រុះដែលដឹកនាំដោយព្រះភិក្ខុ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ និងជាប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន ដោយមានការចូលរួមពីមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធមានមន្ត្រីនគរបាល និងទាហានបានធ្វើការពិនិត្យលើសពសត្វទន្សោង ហើយសន្និដ្ឋានថា សត្វទន្សោងដែលបានងាប់ជាច្រើនថ្ងៃមកហើយនេះ សង្ស័យត្រូវបានងាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើង ព្រោះបានរកឃើញថា មានបាក់ឆ្អឹងជំនីចំនួន២ កាំនៅផ្នែកខាងឆ្វេង។

សាកសពសត្វទន្សោងនេះ ត្រូវបានដឹកមកកាន់ទីស្នាក់ការសហគមន៍ព្រៃសង្ឃរុក្ខវ័ន ហើយបើតាមព្រះភិក្ខុ ប៊ុន សាលួត សាកសពសត្វទន្សោងនេះនឹងត្រូវធ្វើពិធីបង្សុកូល ឧទ្ទិសកុសលតាមបែបពុទ្ធសាសនា រួចហើយនឹងកប់ទន្ទឹមនឹងសាកសព ទន្សោងដែលបានងាប់កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ។

សូមរម្លឹកថា នេះជាសត្វទន្សោងទី៦ ហើយដែលត្រូវបានងាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័នក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ សត្វទន្សោងទី៥ ដែលបានរកឃើញកាលពីថ្ងៃទី២៤ ខែឧសភា និងបានងាប់ដោយការជាប់អន្ទាក់របស់ព្រានព្រៃ ក្រោយពីការខិតខំជួយសង្គ្រោះជីវិតសត្វទន្សោងនេះ ពីពេទ្យសត្វខណៈទន្សោងញីឈ្មោលផ្សេងទៀតចំនួន៤ក្បាលបានងាប់ដោយជាប់អន្ទាក់ និងដោយសារអន្ទាក់ឆក់កាលពីដើមឆ្នាំ ២០២០។

លោក នេត្រ ភក្ត្រា បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វកម្រ ដោយសារស្នាដៃក្រុមព្រានព្រៃគ្មានក្តីមេត្តា ហើយបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្ស និងសហគមន៍ព្រៃសង្ឃរុក្ខវ័ន បន្តសហការគ្នាស្អិតរមួតបន្ថែមទៀត ដើម្បីរឹតបន្តឹងបន្ថែមលើការអនុវត្តច្បាប់ និងត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋដែលចូលព្រៃ ដើម្បីដកហូតអនុផលព្រៃឈើផ្សេងៗ ដើម្បីកុំឱ្យពួកគាត់លួចលាក់អាវុធពិត ឬអាវុធកែច្នៃ អន្ទាក់ចូលទៅក្នុងព្រៃ ប្រព្រឹត្តបទល្មើសធនធានធម្មជាតិ បរបាញ់សត្វ និងដាក់អន្ទាក់សត្វ។

លោកបន្ថែមថា ថ្លែងថា យើងត្រូវបន្តស៊ើបអង្កេតស្វែងរកជនខិលខូច ដែលប្រព្រឹត្តបទល្មើសបរបាញ់សត្វដាក់អន្ទាក់សត្វ ហើយសូមស្នើសុំបងប្អូនប្រជាពលរដ្ឋ ដែលបានដឹងព័ត៌មានពីជនបំផ្លាញសត្វព្រៃ សូមជួយផ្តល់ការសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីអនុវត្តច្បាប់។

លោកបន្តទៀថា ចាប់តាំងពីខែមករា ដល់ខែមិថុនានេះ សត្វទន្សោងយ៉ាងហោចចំនួន១០ក្បាលហើយ ដែលបានរកឃើញថា ងាប់ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលក្នុងនោះ ១ក្បាលរកឃើញងាប់ដោយ ជាប់អន្ទាក់នៅក្នុងខេត្តកំពង់ស្ពឺ ៦ក្បាល (ឈ្មោល៣ក្បាល និងញី៣ក្បាល) ងាប់ដោយជាប់អន្ទាក់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ និង២ក្បាលក្នុងតំបន់ជាប់នឹងដែនជម្រកសត្វព្រៃ ភ្នំព្រេចដោយសារការបាញ់សម្លាប់ និងកូនទន្សោងញី១ក្បាល រកឃើញងាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរីដោយសារតែជាប់អន្ទាក់។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បញ្ជាក់បន្ថែមថា «សកម្មភាពនៃការលួចបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វនៅតែបន្តកើតមាន ហើយអន្ទាក់គឺជាឃាតកលាក់មុខបន្តសម្លាប់សត្វព្រៃ ជារៀងរាល់ថ្ងៃ។ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិបានបង្ក្រាប និងទប់ស្កាត់ជារៀងរាល់ថ្ងៃ។ នៅក្នុងរយៈពេល៤ខែឆ្នាំ២០២០ គឺពីខែមករាដល់ខែមេសា អន្ទាក់ចំនួនជាង១០០០០ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើង កាំភ្លើងកែច្នៃ និងស្នាតេះដែលប្រើសម្រាប់ការបរបាញ់សត្វ ចំនួនជាង៣០០ដើមត្រូវបានដកហូត។ នៅឆ្នាំ២០១៩ កន្លងទៅអន្ទាក់ជាង២០,០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ដើម្បីការពារសត្វព្រៃ ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ»

លោក នេត្រ ភក្ត្រា បានឱ្យដឹងដែរថា តាមរបាយការណ៍សិក្សារបាយប្រជាជនសត្វទន្សោង នៅក្នុងប្រទេសកម្ពុជាមានចន្លោះពី២៧០០ទៅ៥៧០០ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោក ត្រូវបានគេប៉ានស្មានថាមានចន្លោះពី៥,៩០០ ទៅ១១,០០០ក្បាលតែប៉ុណ្ណោះ។ ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ក៏មានចំនួនសត្វទន្សោងប៉ុន្មានរយក្បាលប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានដឹងទៀតថា សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយកម្ពុជាមានមោទនភាព ដែលប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃឱ្យបានគង់វង្ស ដោយនិយាយថាទេចំពោះការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃ និងកុំបរបាញ់ និងចាប់សត្វព្រៃ៕