(កោះកុង)៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងសមាជិក សមាជិកា ខេត្ត ស្រុក នាំយកអំណោយសប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាស្ត្រីមេម៉ាយជនរងគ្រោះ និងជនងាយគ្រោះ ស្ថិតក្នុងតំបន់ដាច់ស្រយាល ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ចំនួន២០គ្រួសារ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុក ភ័ក្ដ្រា បានបញ្ជាក់ថា ទោះបីជំងឺឆ្លង COVID-19 មានការធូរស្រាលក៏ដោយ រាជរដ្ឋាភិបាលនៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិត ឬឆ្ងាយ ព្យុះភ្លៀងឡើយកាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរុញរាឡើយ។

អភិបាលរងខេត្តរូបនេះ បានផ្តាំផ្ញើប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ជាប់ជានិច្ច ចំពោះជំងឺ COVID-19 ក្នុងជួយទប់ស្កាត់ ដោយត្រូវថែទាំសុខភាព ធ្វើអនាម័យ ថែរក្សាសុខភាពជាប់ជាប្រចាំក្នុងការរស់នៅ ពិសេសអនុវត្តឲ្យបានទៀងទាត់ តាមការណែនាំផ្សព្វផ្សាយអប់រំ របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ ក្រុមលោកគ្រូពេទ្យ ហើយត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 នេះជាប់ជានិច្ចផងដែរ។

លោកបានបន្ថែមថា បើបងប្អូនណាមានលក្ខណៈសង្ស័យពីសុខភាពខ្លួន ឬកូនចៅត្រូវទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានភ្លាមៗ ដើម្បីឲ្យលោកគ្រូពេទ្យធ្វើការ ពិនិត្យសុខភាព និងផ្តល់ប្រឹក្សាជូន ហើយសូមបងប្អូនត្រូវធ្វើការអនាម័យជាប់ជានិច្ច តាមការណែនាំផ្សព្វផ្សាយរបស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា អំណោយសប្បុរសធម៌ទាំងអស់នេះ លោកបានកៀងគរពីសប្បុរសជនជាទឹកចិត្តមនុស្សធម៌ ទាំងរដ្ឋបាលខេត្ត រួមទាំងថវិកាផ្ទាល់ខ្លួនលោកផងដែរ។ អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្រីក្រទាំង២០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស, គ្រឿងឧបភោគបរិភោគមួយចំនួន, អាវយឺត២, មុង១, ក្រម៉ា២, ភួយ១ និងសម្ភារសម្រាប់ការពារជំងឺឆ្លង COVID-19 ព្រមទាំងថវិកាចំនួន៥ម៉ឺនរៀល។

លោកក៏បានឧបត្ថម្ភថវិកា ដល់ក្រុមប្រឹក្សាចំនួន២០០,០០០រៀល, ប្រគេនព្រះសង្ឃចំនួន២០០,០០០រៀល, ប៉ុស្តិ៍រដ្ឋបាល១០០,០០០រៀល និងប្រជាការពារ១០០,០០០រៀលផងដែរ៕