(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ជាពិសេស នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ថ្នាក់ខេត្ដ ថ្នាក់ជាតិទាំងអស់ ឱ្យគោរពអនុវត្ដវិធានការការពារ ការចម្លងរោគផ្សេងៗនៅតាមមូលដ្ឋាន អំឡុងពិនិត្យព្យាបាលរបស់ខ្លួន។

ជាពិសេស ក្រុមគ្រូពេទ្យ ត្រូវតែមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងមានការប្រើប្រាស់ពាក់មួក ម៉ាស ស្រោមដៃ ជាប់ជាប្រចាំ នៅពេលប្រាស្រ័យទាក់ទង រួមទាំងការពិនិត្យអ្នកជំងឺ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផងដែរ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រី ថ្លែងបន្ដថា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាអ្នកជំងឺ ក្រុមគ្រូពេទ្យទាំងអស់ ត្រូវរួមគ្នាអនុវត្ដនូវវិធានការការពារការចម្លងរោគ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានម៉ត់ចត់ត្រឹមត្រូវ។

លើសពីនោះ បើមានករណីសង្ស័យនៃរោគសញ្ញាអ្វីមួយកើតឡើង សូមរាយការណ៍ភ្លាមៗមកក្រសួងសុខាភិបាល ដើម្បីជួយធ្វើអន្ដរាគមន៍ឱ្យទាន់ពេលវេលា៕