(ភ្នំពេញ)៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា បានប្រាប់ទៅលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយត្រង់ៗថា ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសសិទ្ធិរស់រានមានជីវិត ដោយសារប្រទេសនេះគ្មានទោសប្រហារជីវិតឡើយ។

ការកោតសរសើរបស់ លោកឯកអគ្គរាជទូតបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលលោកជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្រង់សម្តីឯកអគ្គរាជទូតអូស្ត្រាលី ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា៖ «តាមរយៈបេសកកម្មគាត់នៅកម្ពុជាមួយរយៈមកនេះ គាត់សង្កេតឃើញថា កម្ពុជាមានការរីកចម្រើនខ្លាំង ហើយគាត់កោតសរសើកម្ពុជា លើការរីកចម្រើនផ្នែកសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រៀនមានជីវិត ដោយកម្ពុជាគ្មានទោសប្រហាជីវិត... សិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ជនជាតិដើមភាគតិច ការរើសអើងពូជសាសន៍ និងអ្នកស្រឡាញ់ភេទដូចគ្នាជាដើម។ល។ ដែលខុសៗពីបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោក»

បើតាមអ្នកនាំពាក្យ, លោក កែវ រ៉េមី បានពន្យល់ទៅកាន់ លោក Pablo Kang ដែរថា ស្ថានភាពសិទ្ធិមនុស្សនេះ នៅប្រទេសណាក៏មានបញ្ហាដែរ ពោលគ្មានប្រទេសណាមានស្ថានភាពល្អ ជាងប្រទេសណានោះដែរ។ រីឯលោកឯកអគ្គរាជទូតវិញ បានឯកភាពនឹងការលើកឡើងរបស់លោក កែវ រ៉េមី ដោយថ្លែងថា រឿងសិទ្ធិមនុស្សនេះពិតជាពិបាកដោះស្រាយខ្លាំងណាស់ ហើយលោកបាននិយាយដោយមិនលាក់លៀមថា សូម្បីតែអូស្ត្រាលីផ្ទាល់ ក៏ជួបប្រទះនឹងបញ្ហាសិទ្ធិមនុស្សនេះដែរ។

លោក ជិន ម៉ាលីន បានបញ្ជាក់ទៀតថា ជំនួបរវាងមេសិទ្ធិមនុស្សកម្ពុជា និងឯកអគ្គរាជទូតអូស្ត្រាលីមាន ៣ចំណុចសំខាន់ៗ រួមមាន៖

១៖ ជំនួយរបស់អូស្រ្តាលីមកកាន់កម្ពុជានាពេលកន្លងមក និងវឌ្ឍនភាពការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងកិច្ចការពារ និងលើកស្ទួយសិទ្ធិមនុស្ស។

២៖ ទស្សនៈយល់ឃើញរបស់ភាគីទាំង២ ពាក់ព័ន្ធស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។

៣៖ ចំពោះកិច្ចសហប្រតិបត្តិការ ភាគីអូស្រ្តាលីចាប់អារម្មណ៍ជួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ហើយលោក កែវ រ៉េមី បានស្វាគមន៍នូវជំនួយនេះ ហើយនឹងធ្វើការលម្អិតជាមួយគ្នាបន្ថែមទៀត៕